(ភ្នំពេញ)៖ លោក Seth Wibur Moulton សមាជិកគណ:កម្មាធិការកិច្ចយោធា និងប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក បានថ្លែងកោតសរសើរដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការយោធា កន្លងមកដូចជាបញ្ហា ស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់បង់ជីវិនៅកម្ពុជា កាលពីសម័យសង្គ្រាម និងការដោះមីនជាដើម។

ការថ្លែងអំណរគុណរបស់លោក Seth Wibur Moulton បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅក្នុងឱកាសដែលលោកត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាតឱ្យជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ​ក្រសួងការពារជាតិ បានថ្លែងថា ក្នុងឱកាសនោះដែរលោក Seth Wibur Moulton បានកោតសរសើរចំពោះ ទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា និងអាមេរិក និងសូមថ្លែងអំណរគុណចំពោះភាពជាដៃគូដែលប្រទេសទាំងពីរមានកន្លងមក។ លោកសង្ឃឹមថា ភាពជាដៃគូនេះនឹងបន្តមានរហូតដល់ថ្ងៃអនាគត។ លោកបង្ហាញការសប្បាយចិត្តចំពោះការបន្តកិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុ របស់នាយទាហានសហរដ្ឋអាមេរិក និង ប្រតិបត្តិការរក្សាសន្តិភាព។

លោក Seth Wibur Moulton បានបញ្ជាក់ថា នេះគឺជាឱកាសនៃការប្រារព្ធខួបការទូតរវាងកម្ពុជា និងអាមេរិក រយៈពេល៧០ឆ្នាំ អាមេរិក ចង់ឃើញកម្ពុជា ជាប្រទេសមួយដែលមានភាព រ៉ឹងប៉ឹង វិវត្តន៍ភាព និងអធិបតេយ្យភាព ហើយយើងចង់ឃើញ ប្រទេសកម្ពុជាបន្តដំណើរលទ្ធិប្រជាធិបតេយ្យជាមួយគ្នា។

សម្រាប់ដំណាក់កាល បន្ទាប់យើងក៏មានការយកចិត្តទុកដាក់លើវិស័យពាណិជ្ជកម្មនៅក្នុងតំបន់។ សម្រាប់កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្មនេះ មានពាក់ព័ន្ធវិស័យយ៉ាងជិតស្និទ្ធដូចនឹងវិស័យ យោធាផងដែរ ដោយយើងធ្វើ ពាណិជ្ជកម្មជាមួយគ្នាល្អ គឺនឹងមិនប្រយុទ្ធគ្នានោះទេ ហើយសម្រាប់អាស៊ីអាគ្នេយ៍នេះ គឺជាផ្លូវក្នុងវិស័យពាណិជ្ជកម្មលើសាកលលោកដែល ក្នុងនោះ មានសមុទ្រចិនខាងត្បូងផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Seth Wibur Moulton៕