(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោកស្រី Tait Maja អភិបាលក្រុង Sooke នៃខេត្ត British Columbia ប្រទេសកាណាដា បានមកប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ របស់លោកស្រី ដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ជាស្រ្តីចំនួន ៨០រូបអំពី «ការបង្កើតបណ្តាញដើម្បីលើកកម្ពស់ការយល់ដឹងរបស់ក្រុមប្រឹក្សាជាស្រ្តីក្នុងវិស័យនយោបាយ»

ការចែករំលែកបទពិសោធន៍ធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី «អភិបាលកិច្ចមូលដ្ឋាន» រៀបចំដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅខេត្តកំពង់ចាម នាថ្ងៃទី២០-២១ ខែមករា និងនៅខេត្តព្រៃវែង នាថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២០ ក្រោមការគាំទ្រថវិកាពីសហព័ន្ធទីក្រុងនៃប្រទេសកាណាដា (FCM)។

លោកស្រី Tait Maja បានជាប់ឆ្នោតក្រុមប្រឹក្សាក្រុងចំនួនពីរអាណត្តិរយៈពេល ៦ឆ្នាំ មុននឹងជាប់ឆ្នោតជាអភិបាលក្រុង Sooke នៅឆ្នាំ២០១៤ និងបន្តជាប់ឆ្នោតជាថ្មីនៅឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩ លោកស្រីបានជាប់ជាប្រធានសមាគមទីក្រុងនៃខេត្ត British Columbia (UBCM)។

ការបណ្តុះបណ្តាលចំនួនពីរវគ្គនេះផ្តោតលើ៖ (១) ជំនាញសម្របសម្រួល (២) ការសម្របសម្រួលទំនាស់ (៣) គោលការណ៍ជាសាកលនៃអភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គម និង (៤) ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ៕