(ភ្នំពេញ)៖ លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានបញ្ជាក់ថា ការដាក់ភស្តុតាងបន្ថែមរបស់មេធាវី លោក កឹម សុខា វាអាចនឹងក្លាយជាការដាក់បន្ទុកបន្ថែមដល់លោក កឹម សុខា ខណៈភស្តុតាងមួយចំនួនក្នុងបទល្មើសក្បត់ជាតិទើបនឹងដាក់ជូនតុលាការ។

ការបញ្ជាក់បែបនេះរបស់លោកមេធាវី គី តិច បានធ្វើឡើងនៅក្នុងសន្និសីទព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ក្រោយបញ្ចប់សវនការ សប្តាហ៍ទី២ លើកទី៤ ជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅសាលាដំបូងរាជធានីភ្នំពេញ។

មេធាវីរាជរដ្ឋាភិបាលោក គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបញ្ជាក់ជូនដែលថា ការជជែកពិភាក្សាអំពីភស្តុតាងនេះ មិនមែនមានន័យថា យើងរុញរាឬខ្លាចថាភស្តុតាង ដាក់មកហ្នឹងវាជាភស្តុតាងដោះបន្ទុកឱ្យលោក កឹម សុខា ទេ ប៉ុន្តែផ្ទុយមកវិញ ចំពោះយើងខ្ញុំជាមេធាវី តំណាងរាជរដ្ឋាភិបាល ចំណុចខ្លះយើងគាំទ្រ យើងអរគុណនៃការ ដាក់ភស្តុតាងនេះ ពីព្រោះភស្តុតាងខ្លះ ដែលខ្ញុំបានពិនិត្យជាបឋម ហើយការពិនិត្យជាបឋមនេះ ឃើញថាភស្តុតាងមួយចំនួនក៏ជាភស្តុតាងថែមបន្ទុកដល់លោក កឹម សុខា ដែរ»

លោកមេធាវី គី តិច ក៏បានលើកឡើងដែលថា ដូច្នេះសម្រាប់ភស្តុតាងមួយចំនួនដែលខាងមេធាវីលោក កឹម សុខា បានដាក់ជូនតុលាការ វាក៏អាចក្លាយជាផលប្រយោជន៍ ដល់ភាគីដើមបណ្តឹង (រាជរដ្ឋាភិបាល) ហើយក៏បានក្លាយទៅជាភស្តុតាង ដែលអាចបញ្ជាក់យ៉ាងច្បាស់ថា មានបន្ទុកទៅលើជនជាប់ចោទ កឹម សុខា ផងដែរ។

«ចំណុចខ្លះ យើងក៏ត្រូវអរគុណផងដែលរចំពោះការដាក់ភស្តុតាង ហើយភស្តុតាងដែលគាត់ដាក់មកនេះ មានឃ្លីបវីដេអូខ្លីៗ មិនមែនមានតែផ្លាសមួយដែលមានវីដេអូ រយៈពេលវែង រហូតដល់មួយម៉ោងនោះទេ ជាមួយគ្នាមានឃ្លីបជា១០ទៀត គាត់ដាក់មកខ្លីៗ ដែលមានរយៈពេល១នាទី»។ នេះជាការបញ្ជាក់បន្ថែម របស់លោកមេធាវី គី តិច។

នៅក្នុងសវនការនេះដែរ លោកមេធាវី គី តិច ក៏បានចោទសួរទៅភាគីជនជាប់ចោទ លោក កឹម សុខា ពីការកាត់វីដេអូខ្លីៗដែលមានជាង១០ឃ្លីប មកដាក់ជូនអង្គសវនការនៅពេលនេះ តាមអ្វីដែលភាគីដើមបណ្តឹងបានដាក់ជាភស្តុសម្រាប់រឿងក្តីក្បត់ជាតិនេះ។ ដូច្នេះភាគីលោក កឹម សុខា ព្យាយាមកាត់វីដេអូខ្លីៗនេះ ជាចំណុចមួយតម្រូវឱ្យប្រជាពលរដ្ឋទាំងបានដឹងឱ្យកាន់តែច្បាស់ចំពោះដំណើររឿងក្បត់ជាត់របស់លោក កឹម សុខា។

លោកមេធាវី គី តិច បានឱ្យដឹងថា ការដាក់ភស្តុតាងបែបនេះ របស់ក្រុមមេធាវីលោក កឹម សុខា គឺមិនត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ដូច្នេះក្នុងនាមតំណាងមេធាវីរាជរដ្ឋាភិបាល និងតំណាងអយ្យការ ក៏បានស្នើសុំទៅក្រុមប្រឹក្សាជំនុំជម្រះក្នុងសម្រេចទទួលយកភស្តុតាង ឱ្យអនុវត្តតាមផ្លូវច្បាប់ និងនីតិវិធីជាដើម៕