(តាកែវ)៖ កម្មការរិនីរោងចក្រដេរសម្លៀកបំពាក់រោងចក្រ «វុណាមី» ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ចំនួន ៤៥នាក់ បានបន្តដួលសម្លប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០នេះ ក្រោយពីម្សិលមិញមានករណីដួលសន្លប់ផងដែរ។

លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានថ្លែងឲ្យដឹងថា ជនរងគ្រោះដែលដួលសន្លប់ត្រូវបានបញ្ចូនទៅព្យាបាលនៅគ្លីនិកឯកជន និងមន្ទីរពេទ្យបង្អែកស្រុកបាទី ហើយមូលហេតុដែលនាំឲ្យ បន្តដួលសន្លប់ គឺកាលពីម្សិលមិញមានកម្មការិនីមានផ្ទៃពោះម្នាក់មានអាការៈទន់ដៃទន់ជើង កម្មការិនីនៅជិតខាងក៏សែងចេញ ពេលនោះកម្មករដទៃទៀតបានឃើញមានការភិតភ័យ ក៏ចាប់ផ្តើមដួលសន្លប់ជាបន្តបន្ទាប់គ្នាតែម្ដង។

លោកអភិបាលរងខេត្តតាកែវ បានបន្តថា បន្ទាប់ពីមានកម្មការិនីដួលសន្លប់ពីថ្ងៃជាប់គ្នានេះ រោងចក្រក៏ត្រូវអាជ្ញាធរប្រាប់ឲ្យផ្អាកសកម្មភាពផងដែរ ព្រោះដើម្បីកុំឲ្យមានកើតបញ្ហានេះបន្តទៅទៀត៕