(កំពង់ឆ្នាំង)៖ បុរសម្នាក់បានលួចទៅរៀបការប្រពន្ធថ្មី ដោយទុកកូន ៤នាក់ ឲ្យរស់នៅជាមួយម្ដាយ ដែលមានសតិមិនសូវគ្រប់ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំជាមួយគ្នា ពិសេសដំណឹងនេះបានឮទៅដល់ថ្នាក់ដឹកនាំ ត្រូវបានសមត្ថកិច្ចកោះហៅភាគីទាំងសងខាង យកមកធ្វើការសាកសួរ នៅអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយក្រោម ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នៅក្នុងបរិវេណអធិការដ្ឋានស្រុកកំពង់ ត្រឡាចស្ត្រីឈ្មោះ ស សុធឿន អាយុ៦០ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ស្ត្រីឈ្មោះ កង សំហេង ជាប្រពន្ធដើមមានកូន ៤នាក់ក្នុងបន្ទុកនោះ បានរៀបរាប់ថា កូនស្រីរបស់គាត់ កង សំហេង និងកូនប្រសារឈ្មោះ តេង ផាន អាយុ៤០ឆ្នាំ បានសែនព្រេនយកគ្នាជាប្តីប្រពន្ធនៅឆ្នាំ២០០៣ នៅឯស្រុកកោះធំ ខេត្តកណ្តាល មកដល់បច្ចុប្បន្ន ពួកគេមាន កូន ៤នាក់ក្នុងបន្ទុក (ស្រី២ ប្រុស២) ដោយកូនច្បងមានអាយុ១៦ឆ្នាំប្រុស និងកូនពៅមានអាយុ៧ឆ្នាំស្រី។

នៅក្នុងឆ្នាំ២០១៦ ក្រោយពីសម្រាលកូនទី៤ កូនស្រីរបស់គាត់បានទាស់សរសៃរហូតធ្វើទុក្ខដល់ខួរក្បាល និយាយមិនសូវដឹងមុខដឹងក្រោយឡើយ។ បន្ទាប់ពីពេលដែលកូនស្រីរបស់គាត់ មានជម្ងឺបែបនេះមក ចៅៗទាំង ៤នាក់ បានរស់នៅក្នុងបន្ទុកជាមួយគាត់ ដែលជាអ្នកមើលថែ និងចិញ្ចឹមបីបាច់ ឯកូនប្រសាររបស់គាត់ បានចេញទៅធ្វើការរកលុយនៅខេត្តឆ្ងាយៗ យូៗទើបមកផ្ទះម្តង តែមិនសូវបានផ្ញើលុយឲ្យដើម្បីចិញ្ចឹមកូនៗរបស់គេឡើយ។

ប្រមាណ ២ខែកន្លងទៅនេះ កូនប្រសារគាត់ឈ្មោះ តេង ផាន បានសុំឲ្យគាត់ជួយផ្តិតមេដៃ អនុញ្ញាតឲ្យគាត់យកប្រពន្ធមួយទៀត តែគាត់មិនបានព្រមឡើយ។ ស្រាប់តែនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ កូនប្រសារគាត់ក៏បានរៀបចំសែនព្រេនជាមួយប្រពន្ធទី២ នៅក្នុងភូមិឃុំជាមួយគ្នា គឺមានចំងាយប្រមាណ ១០០ម៉ែត្រ ពីផ្ទះដែលគាត់រស់នៅជាមួយចៅៗ បច្ចុប្បន្ននេះប៉ុណ្ណោះ ហើយក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិក៏ដូចជារូបគាត់ ពេលនោះគាត់ក៏បានទៅប្តឹងអាជ្ញាធរ មានសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។

ចំណែកបុរសឈ្មោះ តេង ផាន អាយុ៤០ឆ្នាំ ជាប្តីឈ្មោះ កង សំហេង (ស្ត្រីសតិមិនល្អ) បានប្រាប់ឲ្យដឹងថា ប្រពន្ធគាត់ឈ្មោះ កង សំហេង ក្រោយពីសំរាលកូនទី ៤នៅឆ្នាំ២០១៦រួចមក ក៏មានជម្ងឺពាក់ព័ន្ធសរសៃប្រសាទ (សតិមិនល្អ) ហើយចេះតែដើរចោលផ្ទះមិនមើលកូនឡើយ។ ដោយសារប្រពន្ធគាត់ចេះតែដើរចោលផ្ទះបែបនេះ ហើយពេលនាងត្រឡប់មកផ្ទះវិញថែម ទាំងមានផ្ទៃពោះកូនទី ៥ទៀត ហើយកូននោះ ក៏មិនមែនកូនជាមួយគាត់ឡើយ ក្រោយពីដឹងថាប្រពន្ធមានផ្ទៃ ពោះមិនដឹងជាមួយអ្នកណា គាត់មានការខ្មាស់គេផង ក៏បានចេញទៅធ្វើការនៅខេត្តឆ្ងាយៗ យូរៗទើបមកលេងជាមួយនិងកូនម្តង តែក៏បានផ្ញើលុយកាក់ចិញ្ចឹមកូនប្រពន្ធ ជារៀងរាល់ខែផងដែរ។

ក្រោយមកនៅចុងឆ្នាំ២០១៩កន្លងមកនេះ គាត់បានចាប់ចិត្តស្រឡាញ់នារីម្នាក់ជាស្ត្រីមេម៉ាយមានកូន ៤ដូចគ្នា រស់នៅក្នុងភូមិស្វាយក្រោម ឃុំតាជេសជាមួយ គ្នា និងបានរៀបចំសែនព្រេននៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ តែត្រូវអាជ្ញាធរមានសមត្ថកិច្ចមកឃាត់តែម្តង។

ដោយឡែកស្រ្តីឈ្មោះ សឿង ចិន្តា អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន ៤នាក់ក្នុងបន្ទុកដែរនោះ ហើយត្រូវជាប្រពន្ធទី២ បានឲ្យដឹងថា គាត់បានលែងលះជាមួយប្តីគាត់ កាលពី២ឆ្នាំមុន ហើយប្តីគាត់ក៏បានទៅរៀបការជាមួយប្រពន្ធមួយទៀតដោយបន្សល់ ទុកកូន ៤នាក់ឲ្យគាត់ចិញ្ចឹម។ បន្ទាប់មកគាត់ក៏បានស្រឡាញ់គ្នា ជាមួយឈ្មោះ តេង ផាន ហើយបានស្ម័គចិត្តសែនព្រេន យកគ្នាជាប្តីប្រពន្ធ ដោយគាត់ដឹងថា ប្រពន្ធដើមរបស់ តេង ផាន មានជម្ងឺសតិមិនល្អ ទើបគាត់សម្រេចចិត្តរៀបការជាមួយ។

នៅចំពោះមុខសមត្ថកិច្ចជំនាញប្ដីប្រពន្ធដែលទើបតែនឹងសែនថ្មីៗ បានស្ម័គ្រចិត្តជួយឧបត្ថម្ភលុយចំនួន ៤០ម៉ឺនរៀលដែលជាអាហារកិច្ចដល់កូនៗ ទាំង៤នាក់ ជារៀងរាល់ខែ តែម្តាយបង្កើតរបស់ប្រពន្ធដើម បានទាមទារយកប្រាក់បង់ផ្ដាច់ចំនួន ១៥០០០ដុល្លារ ដើម្បីទុកចិញ្ចឹមចៅៗ ជាថ្នូរនឹងការមិនរំខានដល់ប្ដីប្រពន្ធថ្មោងថ្មីនោះទៀតឡើយ។

ឆ្លងតាមការពិភាក្សាដោះស្រាយអស់រយៈពេលជាច្រើនម៉ោង នៅតែមិនត្រូវគ្នាដោយភាគីខាងម្ដាយក្មេក បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង ទៅតុលាការដើម្បីឱ្យជួយរកយុត្តិធម៌ ឱ្យកូនស្រី និងចៅៗរបស់គាត់ដោយគាត់មិនព្រមទទួលយកប្រាក់ដែលបង់ជារាងរាល់ខែនោះឡើយ ។

លោកស្រី មាស សុម៉ាលី ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំកម្លាំងជំនាញ ចុះដោះស្រាយករណីខាងលើនេះ បានឱ្យដឹងថា ឈ្មោះ តេង ផាន និងនាង កង សំហេង បានរៀបចំសែនព្រេនយកគ្នា ជាប្ដីប្រពន្ធដោយពុំមានលិខិតអាពាហ៍ពិពាហ៍ឡើយ ដូចនេះសមត្ថកិច្ចមិនអាចអនុវត្តតាមច្បាប់បានទេ ព្រោះតាមមាត្រា៧ នៃច្បាប់ស្ដីពីឯកព័ន្ធភាព បានចែងថា ប្រុស ឬស្រី ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ ហើយលួចទៅមានអ្នកទី៣ក្រៅពីប្ដី ប្រពន្ធខ្លួនទៀតនោះ មិនអាចចោទប្រកាន់ ពីបទផិតបានឡើយ។

ដូច្នេះប្ដីប្រពន្ធមួយគូនេះ ដែលមិនមានលិខិតអាពាហ៍ពិពាហ៍ សមត្ថកិច្ចមានតែធ្វើការសម្របសម្រួលតែក្នុងករណីសម្របសម្រួលមិនបាន មានតែភាគីទាំងសង្ខាង ដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីទុកឲ្យតុលាការជាអ្នកសម្រេចទៅតាមឆន្ទានុសិទ្ធិ៕