(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានទទូចស្នើដល់គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាព ក៏ដូចជាយន្តការដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់។

ជាពិសេសត្រូវតែពង្រឹង និងអនុវត្តន៍នូវក្រមសីលធម៌របស់គ្រូពេទ្យ ដែលយើងត្រូវតែរួមគ្នា កែប្រែ និងផ្លាស់ប្តូរឥរិយាបថរបស់គ្រូពេទ្យមួយចំនួនតូច ខណៈគ្រូពេទ្យមួយចំនួនធំ បានគោរពទៅតាមគោលគារណ៍របស់ក្រសួងបានយ៉ាងល្អហើយនោះ។

ការថ្លែងដូច្នេះ របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២០ របស់គណៈកម្មការកណ្តាលសម្រាប់ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ សេវាវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និងជំនួយវេជ្ជសាស្រ្តឯកជន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ។

លោកស្រី ឱ វណ្ណឌីន បានបន្តថា «បើយោងតាមអនុក្រិត្យចេញដោយប្រមុខរាជរដ្ឋាភិបាល ចេញកាលពីឆ្នាំ២០០៣ ដែលអនុក្រិត្យនេះស្តីពីអំពីក្រមសីលធម៌គ្រូពេទ្យ គឺបានបញ្ជាក់ច្បាស់ហើយ ពីតួនាទីចាំបាច់របស់គណៈវិជ្ជាជីវៈគ្រូពេទ្យ ក្នុងការពិនិត្យ និងតាមដាននូវការអនុវត្តន៍ ក្រមសីលធម៌គ្រូពេទ្យសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅពេលដែលគាត់មកចុះបញ្ជិការជាមួយគណៈវិជ្ជាជីវៈនេះ គឺត្រូវតែពិនិត្យឡើងវិញ ថាតើគាត់បានយល់ដឹងអំពីក្រមសីលធម៌គ្រូពេទ្យ ទៅតាមអនុក្រិត្យដែលបានចែង ស្តីពីក្រមសីលធម៌គ្រូពេទ្យហើយឬនៅ!»

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំពាវនាវបន្ថែមទៀតដល់គ្រូពេទ្យទាំងអស់ «ដោយសូមឱ្យចូលរួមបន្ថែមទៀត ក្នុងការអនុវត្ដន៍នូវក្រមសីលធម៌គ្រូពេទ្យនេះ ឱ្យបានមុតមាំ ហើយនេះក៏ជាការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ, ដែលយើងចាំបាច់រួមចំណែកធ្វើយ៉ាងម៉េច ដើម្បីឱ្យការបម្រើសេវាជូនប្រជាពលរដ្ឋរបស់យើងនេះ ឱ្យមានការសប្បាយចិត្ដ និងចៀសវាងឱ្យមាននូវបាតុភាពនានា ដែលអាចនៅក្នុងមូលដ្ឋានរបស់ខ្លួន»។

លោកស្រី សង្ឃឹមថា យ៉ាងមុតមាំថា គ្រូពេទ្យទាំងអស់ នឹងរួមគ្នាអនុវត្ដយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌គ្រូពេទ្យ និងពង្រឹងគុណភាពសេវា ជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕