(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាល នឹងបន្ដជំរុញលើកទឹកចិត្ដឱ្យ​សាកលវិទ្យាល័យសុខាភិបាល​ជាតិយើង ដែលមានសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល (ស.វ.ស) ក្លាយជាគ្រឹះស្ថានឧត្តមសិក្សាជាតិឈានមុខគេបង្អស់នៅកម្ពុជា ដែលអាចទទួលស្គាល់​ពីថា្នក់ជាតិ គណៈកម្មការទទួលស្គាល់គុណភាពរបស់ជាតិយើង ក្នុងតំបន់់ និងអន្ដរជាតិ។

ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើកទី៦៩ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ ដែលមានការចូលរួមរបស់លោកសាស្រ្តាចារ្យ ជាសមាជិក ក្រុមប្រឹក្សាភិបាល ទីប្រឹក្សាក្រសួងសុខាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «យើងនឹងជំរុញបន្ថែមទៀត នូវការបណ្ដុះបណ្ដាល ស្រាវជ្រាវ ព្រោះសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល រួចចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់ផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋយើង ប្រកបដោយគុណភាព សមធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ នូវវិជ្ជាជីវៈរបស់ខ្លួន»

លោកសាស្ដ្រាចារ្យ បន្ដថា «ក្រៅពីនេះ វិទ្យាល័យឱសថសាស្ដ្រ ក៏បាននឹងបន្ដធ្វើផលិតកម្មឱសថមួយចំនួននៅក្នុងស្រុកយើង និងបានលក់នៅលើទីផ្សាររួចមកហើយ តែនៅថ្ងៃនៅខាងមុខនេះ និងពង្រីកបន្ថែមទៀត ដើម្បីឈានទៅជាធុរៈកិច្ច ក្រោមការសហការជាមួយបារំាង»។ ដូច្នេះហើយ យើងខិតខំបន្ថែមទៀតក្នុងពង្រីកហេដ្ឋានរចនាសម្ព័ន្ធ ជាមួយឧបករណ៍ទំនើបៗក្នុងការបណ្ដុះបណ្ដាលត្រាប់ និងមន្ទីរពិសោធន៍របស់យើង»

ជាពិសេស «ដើម្បីឱ្យសិស្ស មុននឹងចុះទៅប្រតិបត្ដិនៅតាមមន្ទីរពេទ្យ ត្រូវមានបទពិសោធន៍ធ្វើស្រាប់បានល្អ និងការពង្រឹងប្រព័ន្ធការវាយតម្លៃសាកលវិទ្យាល័យនេះ ដោយធ្វើយ៉ាងម៉េច ឱ្យគណៈកម្មការជាតិទទួលស្គាល់គុណភាព និងធ្វើការជាមួយគ្នា ក្នុងការសម្រេចបាននូប្រព័ន្ធបណ្ដុះបណ្ដាលមួយ ដែលទទួលស្គាល់នៅក្នុងតំបន់ និងអន្ដរជាតិ»

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងពីគោលបំណង ពិនិត្យ និងសម្រេចលើរបៀបវារៈមួយចំនួន ដែលក្នុងនោះ របៀបវារៈមួយ គឺពិនិត្យ និងសម្រេចសេចក្តីព្រៀងផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ផងដែរ ពីរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។

ជាងនេះទៅទៀត ដោយមានភាពអនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ឆ្នាំ២០១៦-២០២០ ព្រមទាំងស្របតាម បេសកកម្ម របស់សាកលវិទ្យាល័យ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន។

គួរបញ្ជាក់ថា ចក្ខុវិស័យសម្រាប់ផែនការយុទ្ធសាស្រ្តដំណាក់កាលថ្មី គឺសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នឹងក្លាយជា គ្រឹស្ថានឧត្តមសិក្សាជាតិឈានមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យ វិទ្យាសាស្រ្តសុខាភិបាល ប្រកបដោយ ឧត្តមភាព ក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវា។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ សាកលវិទ្យាល័យ បានកំណត់គោលដៅ យុទ្ធសាស្រ្ត ចំនួន៦ រួមមាន៖

១៖ពង្រឹងនិងពង្រីកគុណភាព និងវិសាលភាព នៃការបណ្តុះបណ្តាល ប្រកបដោយ គុណភាពខ្ពស់
២៖ ពង្រឹង និងពង្រីកគុណភាពនិងវិសាលភាព នៃការផ្តល់សេវា ប្រកបដោយគុណភាព និងមានការទទួលស្គាល់ពីសាធារណជន ស្ថាប័នជាតិ និងអន្តរជាតិ
៣៖ ក្លាយជាមជ្ឍដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ ដែលមានឧត្តមភាព និងមានការទទួលស្គាល់ ពីថ្នាក់ជាតិ និងអន្តរជាតិ
៤៖ ពង្រឹងអភិបាលកិច្ចល្អ និងការគ្រប់គ្រងល្អ
៥៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ និង
៦៖ លើកកម្ពស់កិត្យានុភាពស.វ.ស នៅកម្រិតជាតិ តំបន់ និងអន្តរជាតិ៕