(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ ភ្នាក់ងារសន្តិសុខឯកជន ចូលរួមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន វៀតណាម កូរ៉េ ខាងមុខនេះ។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី២៦ ដែលមានសិក្ខាកាមជាភ្នាក់ងារសន្ដិសុខឯកជន ប្រមាណជិត២០០នាក់ចូលរួម លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានផ្សព្វផ្សាយសេចក្តីណែនាំលេខ០០១ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលដាក់ចេញលើការងារចំនួនផងដែរ ដូចជា៖

*ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជា ទីសក្ការៈ និងរម្មណីដ្ឋានមួយចំនួនដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការទប់ស្កាត់មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសកម្មភាពបង្កការ អុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ

*យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ បង្កលក្ខណៈ ឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកំសាន្តតាមតំបន់រម្មណីយ៍ដ្ឋាននានា ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព

*ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ច រំលឹកដាក់តឿនប្រជាពលរដ្ឋឲ្យប្រុង ប្រយ័ត្នចំពោះអគ្គីភ័យ ជាពិសេសទៀនធូប នៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គីសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះផ្សេងៗ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានចាត់ទុកថា ភ្នាក់ងារសន្តិសុខឯកជន ពុំមែនមានតួរនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាស គ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារទ្រព្យសម្បត្តិ សាធារណៈសន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជា កម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។

ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន រូបនេះ ក៏បានផ្ដាំផ្ញើដល់ភ្នាក់ងារសន្ដិសុខឯកជន ប្រសិនបើខ្លួនបានឃើញ ឬសង្ស័យលើសម្មភាពល្មើសច្បាប់ ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ឬមកនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ផ្ទាល់ក៏បានតាមរយៈលេខទូរស័ព្ទលោកគ្រូ ក៏ដូចជាក្រុមការងារដែលបានផ្ដល់ជូន។

បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តឲ្យយកចំណេះដឹង ដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់សហសេវិករបស់បងប្អូន ឬប្រជាពលរដ្ឋដ៏ទៃទៀត ឲ្យបានយល់អំពីសារៈសំខាន់ នៃការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខសង្គម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕