(ត្បូងឃ្មុំ)៖ ក្រោយមានករណីសិស្សដួលសន្លប់នៅអនុ-វិទ្យាល័យក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួចមក នារសៀលថ្ងៃទី២១ ខែមករានេះ អាជ្ញាធរចាប់ពីថ្នាក់ខេត្ត-ស្រុក-ឃុំ នាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើននាក់ បានរៀបចំពិធីសែនព្រេនសុំខមាលទោសចំពោះលោកតាដើមពោធិ៍ (នៅមុខសាលា) និងបួងសួងសុំសេចក្ដីសុខសប្បាយ។

ពិធីសែនព្រេនបួងសួងនេះ ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងដោយមានការនិមន្តព្រះចៅអធិការវត្តចំការម្លូរ លោកតាអាចារ្យ និងមានប្រគំភ្លេងខ្មែរលេងថ្វាយអ្នកតា ដើម្បីសុំសេចក្តីសុខសប្បាយ សុខភាពល្អកើតមានដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់។

សូមជម្រាបថា នាថ្ងៃទី១៨ ខែមករា មានសិស្សប្រមាណ ៤០នាក់ បានដួលសន្លប់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែសម្រាប់ស្ថានភាពជំងឺវិញ បានធូរស្រាលខ្លះហើយ មិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។ លុះដល់ព្រឹកថ្ងៃទី២០ ខែមករា មានសិស្សចំនួន១០នាក់បន្ថែមទៀត បានដួលសន្លប់ និងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។

ជាមួយគ្នានោះ អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាលក៏បានរៀបចំវេទិកាផ្សព្វផ្សាយការការពារសុខភាព អាហារហូបចុកដល់អាណាព្យាបាល និងសិស្ស ដើម្បីឲ្យបានស្វែងយល់ និងចូលរួមទាំងអស់គ្នាកាត់បន្ថយហេតុការណ៍នេះ៕