(ត្បូងឃ្មុំ)៖ ដើម្បីពង្រឹងគុណភាពទំនិញ និងសុវត្ថិភាពម្ហូបអាហារ និងធានាសុខភាពអ្នកទទួលទាន លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពគ្រឿងឧបភោគ បរិភោគ ដែលដាក់លក់ដូរនៅផ្សារខ្នារ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានថ្លែងបញ្ជាក់ថា ក្នុងសកម្មភាពនោះ មន្ត្រីកាំកុងត្រូល ធ្វើការចុះត្រួតពិនិត្យ ពិនិត្យស្លាកសញ្ញា កាលបរិច្ឆេទលើសំបកវេចខ្ចប់ និងធ្វើតេស្តបឋមលើគំរូផលិតផលអំបិលអ៊ីយ៉ូដ ព្រមទាំងផ្សព្វផ្សាយអំពីការជ្រើសរើស និងរក្សាសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករ។

ក្រោយត្រួតពិនិត្យ ជាលទ្ធផលបានរកឃើញ និងដកហូតភ្លាមៗទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពមួយចំនួនរួមមានទាំងស្រាបៀរ និងភេសជ្ជៈ។ ចំណែកលទ្ធផលការធ្វើតេស្តលើអំបិលអ៊ីយ៉ូដ បង្ហាញនូវអនុលោមភាព នៃសារធាតុអ៊ីយ៉ូដក្នុងអំបិល ប្រាកដមែន។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលបានធ្វើការបិទស្លាកសញ្ញាអប់រំអំពីគុណភាព សុវត្ថិភាពផលិតផលចំណីអាហារ ព្រមទាំងពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញជាគ្រឿងឧបភោគ និងបរិភោគ ក៍ដូចជាធ្វើការអប់រំ និងណែនាំដល់អាជីវករមុននឹងយក ទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួស កាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕