(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលស្តាប់សវនការលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២០ខាងមុខនេះបាន តែកំណត់ចំនួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ។

បើតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រធានអង្គការ សមាគម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានមានបំណងចូលស្តាប់សវនាការ ជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ ជំនុំជម្រះលេខ ៤៧៧៧ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ក្រុមប្រឹក្សាជំនុំជម្រះកំណត់កាលបរិច្ឆេទសួរចម្លើយសាក្សីនានានៅពេលក្រោយ ដែលជាហេតុធ្វើឲ្យសាលសវនាការអាចទទួលសាធារណជនបានប្រមាណ ១០កន្លែងថែមទៀត។

តាមការពិនិត្យបញ្ជីពាក្យស្នើសុំចូលរួមស្តាប់សវនាការឃើញថា មានចំនួនច្រើនជាងចំនួនជាក់ស្តែង សាលាដំបូងសូមផ្តល់ជូនអង្គភាព ឬស្ថាប័ននីមួយៗ ០១កន្លែង ដើម្បីឲ្យចូលរួមស្តាប់សវនាការ នៅថ្ងៃទី ២២-២៣ ខែមករា ឆ្នាំ២០២០។ ដូច្នេះសូមប្រធានអង្គការ សមាគម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចាត់តំណាងអង្គភាព ឬស្ថាប័នរបស់ខ្លួន ចំនួន ០១រូប ចូលរួមស្តាប់សវនាការ និងទំនាក់ទំនងជាមួយលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរៀបចំប័ណ្ណចូលរួមស្តាប់សវនាការជូន៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ៖