(ភ្នំពេញ)៖ បន្ទាប់ពីបង្ហាញមុខជាមួយក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ដែលមានរង្វាន់រថយន្តទំនើប Porsche លើបណ្តាញសង្គមហ្វេសប៊ុករយៈពេល ២ថ្ងៃចុងក្រោយនេះ ឥឡូវក្រុមការងារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ព័ត៌មានច្បាស់ការហើយថា អ្នកឈ្នះរង្វាន់រថយន្តទំនើបទី២នេះមានឈ្មោះថា ពុំ ឆុង ភេទប្រុស អាយុ៣៧ឆ្នាំ ទីកន្លែងកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង និងមានទីលំនៅបច្ចុប្បន្ន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ពុំ ឆុង មានមុខរបរជាឈ្មួញលក់ដូរអចលនទ្រព្យ និងជាអតិថិជនម្នាក់ ដែលតែងគាំទ្រពិសា ស្រាបៀរ កម្ពុជា រាល់ពេលមានកម្មវិធីជួបជុំផ្សេងៗ។

លោករៀបរាប់ដំណើរដើមទង នៃការឈ្នះរង្វាន់នេះថា៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា ចំនួន៦កំប៉ុងមកហូបពេលញុំាបាយថ្ងៃត្រង់ធម្មតា ស្រាប់តែគាស់កំប៉ុងទី២មក ឃើញរូបឡាននេះ ទើបដឹងថា ខ្លួនឯងមានសំណាងបានរង្វាន់ឡានទំនើប Porsche ដូចការផ្សព្វផ្សាយរបស់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ពិតមែន»

លោកបន្ថែមថា៖ «គ្រាន់តែគាស់ឆាច់ឃើញរូបឡាន ខ្ញុំក៏លាន់មាត់ស្រែកប្រាប់ប្រពន្ធខ្ញុំថា ឯងអើយ! ត្រូវឡានហើយ! ពេលនោះប្រពន្ធខ្ញុំគេញ៉ាកថាមិនជឿទេ ដល់តែខ្ញុំយកក្រវិលកំប៉ុងឱ្យមើល បានហ៊ោទាំងអស់គ្នាតែម្តង»

លោកឧកញ្ញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់សម្រាប់ខ្ញុំ ពេលដែលទទួលបានព័ត៌មាននេះពីក្រុមការងារ ព្រោះអ្នកឈ្នះរង្វាន់រថយន្តទំនើបទី២ ចៃដន្យគាស់ត្រូវចំថ្ងៃ ដែលយើងកំពុងមមាញឹកធ្វើការប្រគល់រង្វាន់រថយន្តទំនើបនេះទៅអ្នកឈ្នះដំបូងគេតែម្តង ដូច្នេះហើយខ្ញុំមានតែសូមចូលរួមសាទរ ហើយយើងនឹងរៀបចំកម្មវិធីប្រគល់រថយន្តឲ្យអ្នកឈ្នះទី២នេះ ក្នុងពេលឆាប់ៗខាងមុខនេះ»

ពិសាដោយការទទួលខុសត្រូវ!