(ភ្នំពេញ)៖ អត្តសញ្ញាណខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេងនៅក្លឹបកម្សាន្ដ ក្នុងភោជនីយដ្ឋានហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវកម្លាំងសមត្ថកិច្ចកំណត់បាន ហើយព្រះរាជអាជ្ញា ក៏បានចេញដីកាបញ្ជាឲ្យចូលខ្លួនផងដែរ។ នេះបើតាមដីកាបញ្ជារបស់ព្រះរាជអាជ្ញា កែវ សុធា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ដីកាបញ្ជាឲ្យចូលខ្លួនបានបង្ហាញថា ជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយកំណត់ឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌ ពីបទឃាតកម្ម។

ជាមួយគ្នានេះ សាច់ញាតិរបស់ជនរងគ្រោះ ក៏បានអំពាវនាវដល់កម្លាំងសមត្ថកិច្ច ជាពិសេសនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមស្រាវជ្រាវ និងតាមចាប់ខ្លួនជនបង្កយកមកផ្ដន្ទាទោសឲ្យបានឆាប់ៗ ខណៈក្រុមគ្រួសាររបស់ពួកគាត់មិនទាន់ទទួលបានពន្លឺនៃយុត្តិធម៌ ក្នុងសំណុំរឿងឃាតកម្មនេះនៅឡើយទេ។

សូមរំលឹកថា ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឈ្មោះ ហូ មិនា ស្នាក់នៅផ្ទះលេខ៤៣H ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មុខរបរអ្នកចាក់ភ្លេង (DJ)។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារលើខ្លួនជនរងគ្រោះរួមមាន៖ កាបូបសម្រាប់ដាក់លុយ ចំនួន០១, លុយដុល្លារ ចំនួន៨៥ដុល្លារ, អត្តសញ្ញាណប័ណ្ណ ចំនួន០១សន្លឹក, ប័ណ្ណបើកបរ ចំនួន០១សន្លឹក, កាតATM ចំនួន០២សន្លឹក, ទូរស័ព្ទដៃ ចំនួន០២គ្រឿង, ម៉ូតូម៉ាក Honda PCX ចំនួន០១គ្រឿង, កងដៃ និងនាឡិកាមួយ ហើយបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងរាំង ដើម្បីរក្សាទុក។

ក្រោយពីពិនិត្យរួចការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ដ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់សពឲ្យទៅសាច់ញាតិ យកទៅបុណ្យនៅវត្តបទុមសាគរ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បច្ចុប្បន្នផែនជំនាញខណ្ឌ និងប៉ុស្ដិ៍កំពុងបន្តនិតិវិធីស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់។

បុគ្គលិកក្នុងហេតុដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀត ដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នា ដើម្បីហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះអង្គុយស្លាប់លើតុ៕