(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ ក្រសួងបរិស្ថាន នឹងរៀបចំកម្មវិធីបោះតង់បរិស្ថាន និងបំបួសដើមឈើ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។

តាមគ្រោងកម្មវិធីនេះ នឹងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍នៃសហគមន៍តំបន់ការពារធម្មជាតិ ដែលកំពុងរស់នៅក្នុង និងជុំវិញតំបន់ព្រៃឡង់ ព្រមទាំងយុវជនយុវនារីនៃក្រសួងបរិស្ថាន សរុបប្រមាណ៥០០នាក់ ដើម្បីបង្កើនសេចក្តីស្រឡាញ់ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិជាជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៉ី នៅកម្ពុជានិយាយជារួម និងជាពិសេសនៅតំបន់ព្រៃឡង់។

លោក នេត ភក្ត្រា បានថ្លែងថា «ក្រសួងបរិស្ថាន សូមអញ្ជើញដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាននានា ចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នា ដើម្បីរួមសាមគ្គីគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែលប្រទេសកម្ពុជាយើងមានឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។
បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងកម្មវិធីនោះ នឹងមានការបំបួសដើមឈើ និងការធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវ:ចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៉ីនៃតំបន់ព្រៃឡង់ដល់អ្នកចូលរួមផងដែរ។

លោកបានថ្លែងថា «គោលបំណងនៃការរៀបចំកម្មវិធីបោះតង់បរិស្ថាន និងពិធីបំបួសដើមឈើនេះ គឺដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៉ី ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងដើម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្ម ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដែលយើងមាន»

លោកថ្លែងថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍបានអនុញ្ញាតឱ្យកម្ពុជា មានឱកាសគ្រប់គ្រាន់គិតគូរលើការការពារ និងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ គិតគូរពីកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីកសាងសង្គមកម្ពុជាមួយ ប្រកបដោយបរិស្ថានល្អស្អាត ធនធានធម្មជាតិត្រូវបានការពារ និងមានផាសុកភាព សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា។

គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើត ជាដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ២០១៦ ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង៤៣ ម៉ឺនហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន៤គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។

កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ ចូលរួមសកម្មភាពការពារ និងអភរិក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិជាផ្លូវការ ដោយក្រសួងបរិស្ថាននេះ គឺធ្វើឡើងក្នុងបំណងបង្កើនការ ចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព ក៏ដូចជារួមចំណែក លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានថ្លែងថា «ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះ គឺជាការធ្វើប្រជាធិបតេយ្យ ក្នុងការចែករំលែកការគ្រប់គ្រង និងការទទួលខុសត្រូវជូនប្រជាសហគមន៍មូលដ្ឋានលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាដើម្បីអនុញ្ញាតឱ្យប្រជាសហគមន៍មានសិទ្ធិក្នុងការប្រើប្រាស់ និងអាស្រ័យផលធនធានធម្មជាតិ ស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ»