(ភ្នំពេញ)៖ ករណីជនជាតិចិន ចាប់ជំរិនជនជាតិចិនដូចគ្នា នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវកម្លាំងនគរបាលតាមស្រាវជ្រាវ និងបង្ក្រាបបាន នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ នៅម្ដុំរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងឃាត់ខ្លួនបានជនដៃដល់ ២នាក់ ខណៈជនរងគ្រោះត្រូវក្រុមជនសង្ស័យសម្លាប់ក្នុងរថយន្ដ។

លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីចាប់ជំរិតជនជាតិចិន នៅស្រុកអង្គស្នូល កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន សហការជាមួយនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តកណ្ដាល តាមស្រាវជ្រាវរហូតប្រទះឃើញជនសង្ស័យនៅម្ដុំរង្វង់មូលចោមចៅ។

អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌរូបនេះ បានអះអាងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិចិន ខណៈជនរងគ្រោះដែលជាជន ជាតិចិនដូចគ្នា ត្រូវបានគេសម្លាប់ដាក់ខាងក្រោយគូថឡាន ម៉ាក Lexus LX470 ពាក់ផ្លាកលេខភ្នំពេញ2L-8689 ដែលជាមធ្យោបាយធ្វើសកម្មភាពចេញពីខេត្តកណ្ដាល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំបន្ដ ខណៈមូលហេតុ នៃករណីចាប់ជំរិតមិនទាន់ដឹងច្បាស់នៅឡើយទេ៕