(ភ្នំពេញ)៖ នៅក្នុងដំណាក់កាល នៃកាវិវត្តន៍វិស័យឌីជីធល និងដើម្បីបំរើសេវាកម្ម ឲ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានតម្លើងកម្មវិធីទទួលពាក្យបណ្តឹងតាមអនឡាញ និងគ្រោងដាក់ឲ្យប្រើប្រាស់អ៊ីបណ្ណាល័យ ដែលធ្វើឲ្យប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងមើលឯកសារច្បាប់នានាតាមកុំព្យូទ័រ និងទូរស័ព្ទដៃ បានយ៉ាងងាយស្រួល។

នេះបើតាមការលើកឡើងរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅភារកិច្ចសំរាប់អនុវត្តន៍ឆ្នាំ២០២០ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីបានដំណើរការ អស់រយៈពេលពេញមួយថ្ងៃ នៅសណ្ឋាគារសុខាភ្នំពេញ។

សន្និបាតបានវាយតំលៃខ្ពស់ ចំពោះលទ្ធផល មានដូចខាងក្រោម៖ វិស័យអធិការកិច្ច រួមមាន ការងារទទួលពាក្យបណ្តឹង (បណ្តឹងតវ៉ា និងបណ្តឹងបរិហារ) ការងារស៊ើបអង្កេត ករណីបណ្តឹងពាក់ព័ន្ធទំនាស់ដីធ្លី ការងារសម្របសម្រួលបញ្ចប់ទំនាស់រ៉ាំរៃ បានដោះស្រាយជាច្រើនករណី។

ការងារតាមដានការអនុវត្តច្បាប់ បានចូលរួមធ្វើការកែលម្អរនូវចំណុចខ្វះខាតរបស់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈ លើកិច្ចការរដ្ឋបាល ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អជំរុញប្រសិទ្ធិភាព ផលិតភាព និងគុណភាព សេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់កល្រោមជាតិ សំដៅបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ រួមមាន៖

* កិច្ចការទំនាក់ទំងជាមួយរដ្ឋសភា
* ព្រឹទ្ធសភា មានភាពល្អប្រសើរ និងបានផ្សព្វផ្សាយ អប់រំ អំពីច្បាប់ជូនដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ទាំងនៅទីប្រជុំជន និងនៅជនបទ
* ពង្រឹងបានប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
* ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច
* ធ្វើសេចក្តីសំរេចបង្កើតគណកម្មការតំឡើងឋានន្តរស័ស័ក្តិថ្នាក់ ជូនមន្ត្រីរាជការប្រចាំឆ្នាំ២០២០
* បានតម្លើងកម្មវិធីទទួលពាក្យបណ្តឹងអនឡាញ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់អ៊ីបណ្ណាល័យ ដែលអាចឲ្យប្រជាពលរដ្ឋ អាច ដាក់ពាក្យបណ្តឹង និងមើលឯកសារច្បាប់នានា តាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួល។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី គ្រប់លំដាប់ថ្នាក់ ដែលបានសំរេចនូវលទ្ធផលជោគជ័យនាពេលនេះ ពិសេសតាមរយៈការចូលរួម ចែករំលែកបទពិសោធន៍ ដែលជាធាតុផ្សំ នៃការស្វែងរក ឃើញនូវចំណុច ខ្លាំង និងចំណុចខ្សោយ សំរាប់ធ្វើការកែលំអ ដើម្បីដាក់ចេញជាទិសដៅផែនការ អនុវត្តន៍នាឆ្នាំខាងមុខ ឲ្យកាន់តែប្រសិទ្ធភាព។

ទន្ទឹមនឹងលទ្ធផល និងទិដៅភារកិច្ចសំរាប់អនុវត្តន៍បន្ត លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីរួមចំណែកពង្រឹងតួនាទីភារកិច្ច ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ដូចខាងក្រោម៖

*១៖ ដោយសារការផ្សព្វផ្សាយច្បាប់ ជាតម្រូវការចាំបាច់ ក្រុមការងារក្រសួងត្រូវបន្តយុទ្ធនាការអប់រំ និងផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយគ្រប់២៥ រាជធានី-ខេត្ត ជាពិសេសទៅតាមទីប្រជុំជន និងជនបទដាច់ស្រយ៉ាល និងជំរុញការងារសិក្សា ស្ទាបស្ទង់មតិ (Survey) ដោយបណ្តុះបណ្តាលពីវិធីសាស្ត្រ នៃការសិក្សាស្ទាបស្ទង់ និងការវិភាគទិន្នន័យ ដល់មន្រ្តីដែលពាក់ព័ន្ធ ដើម្បីធ្វើរបាយការណ៍ នៃលទ្ធផលដែលរកឃើញពីការស្ទាបស្ទង់ ទាំងនោះ។

*២៖ ត្រូវអនុវត្តបន្តនូវកម្មវិធី ទទួលពាក្យបណ្តឹងអនឡាញ និងបណ្ណាល័យ អេឡិចត្រូនិក (e-Library) ដែលតាមរយៈកម្មវិធីទាំងនោះ ប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងអាចមើលឯកសារច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិនានា តាមកុំព្យូទ័រ និងទូរស័ព្ទដៃ បានយ៉ាងងាយស្រួល។ ការអនុវត្តកម្មវិធី គឺជាការសម្រួលការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

*៣៖ ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេត ស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការ អនុវត្តច្បាប់ តាមរយៈការរកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាង គ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។ រាល់ពាក្យបណ្តឹងដែលបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធពិនិត្យដោះស្រាយ ត្រូវតាមដានស៊ើបសួរព័ត៌មានអំពីវឌ្ឍនភាព នៃការដោះស្រាយឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា រួចជូនព័ត៌មានទៅដើមបណ្តឹងវិញ។ ទង្វើនេះបង្ហាញពីការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ដែលជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ។

*៤៖ វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវរៀបចំខ្លឹមសារ កម្មវិធីបណ្តុះបណ្តាលថ្នាក់បថម ថ្នាក់មធ្យម និងថ្នាក់ឧត្តម លើជំនាញអធិការកិច្ច និងជំនាញពាក់ព័ន្ធ។ វិទ្យាស្ថាន ក៏ត្រូវបណ្តុះបណ្តាលមុខជំនាញផ្សេងបន្ថែម ក្រៅពីអធិការកិច្ច ដូចជាជំនាញអប់ រំផ្សព្វផ្សាយច្បាប់ ជំនាញការសិក្សាស្រាវជ្រាវ ជំនាញវាយតម្លៃ ជំនាញផ្នែកស្ទាបស្ទង់មតិ និងជំនាញផ្សេងៗទៀត ដែលជាតម្រូវការចាំបាច់ របស់ក្រសួង។

Bong Pheak Editor FN, [21.01.20 14:25]
*៥៖ ក្នុងពេលបំពេញបេសកកម្ម ចុះធ្វើអធិការកិច្ច មន្ត្រី ឬភ្នាក់ងារអធិការកិច្ច ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ នូវក្រមសីលធម៌ មន្ត្រីរាជការអធិការកិច្ច ដែលបានដាក់ចេញរួចហើយ។ ត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយយកច្បាប់ជាធំ។ ត្រូវមានឯកសណ្ឋាន ដូចដែលក្រសួងបានណែនាំរួចហើយ និងត្រូវអនុវត្តឱ្យបានល្អ តាមអភិក្រមទាំងប្រាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ «ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលយើងត្រូវ ចងចាំជានិច្ច។

*៦៖ បង្កើនប្រសិទ្ធិភាព គុណភាពមន្ត្រីអ្នកនាំពាក្យ ឲ្យបានគ្រប់មន្ទីររាជធានី-ខេត្ត ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន កាលពី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ថា អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត៕