(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអន្តរាគមន៍ទៅព្រះរាជអាជ្ញារួចហើយ ឲ្យបន្តបណ្តឹងអាជ្ញាលើសិស្សស្រី៤រូប ដែលវាយដំលើសិស្សស្រីម្នាក់ទៀតនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានីផ្សារដើមថ្កូវ ដោយព្រះរាជអាជ្ញា កំពុងឲ្យនគរបាលបញ្ជូនសំណុំរឿងមកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់។ នេះបើតាមការប្រកាសរបស់ លោក ពេជ្រ ស្រស ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃនេះ។

ករណីហិង្សាលើសិស្សវិទ្យាល័យខាងលើនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ ប៉ុន្តែទើបនឹងមានចំណាត់ការផ្សេងៗ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២០ បន្ទាប់ពីវីដេអូនៃអំពើហិង្សាដែលបង្កឡើងដោយ សិស្សស្រី៤នាក់ លើសិស្សស្រីរងគ្រោះខាងលើនេះ បែកធ្លាយតាមបណ្តាញសង្គម Facebook។ ជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។ ចំណែក ក្រុមជនបង្កមានគ្នា ៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន៣ទៀត

ក្រោយការបែកធ្លាយ និងការរិះគន់លើសារព័ត៌មាន និងបណ្តាញសង្គម ភាគីពាក់ព័ន្ធទាំអស់ បានសម្របសម្រួលគ្នា ដើម្បីដោះស្រាយបញ្ចប់ជម្លោះ ដោយភាគីជនបង្កបានបង់សំណង់សរុប២ពាន់ដុល្លារដល់ជនរងគ្រោះ ប៉ុន្តែសម្រាប់ លោកពេជ្រ ស្រស់ ករណីនេះជារឿងព្រហ្មទណ្ឌ ដែលតុលាការត្រូវតែបន្តនីតិវិធីរបស់ខ្លួន មិនអាចបញ្ចប់ត្រឹមលុយ២ពាន់ដុល្លារនោះឡើយ។

មុននឹងមានការអន្តរាគមន៍ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានសរសេរលើ Facebook របស់លោកថា «ការអនុវត្តច្បាប់លើជនល្មើសគឺមិនមែនជារឿងហួសហេតុទេ ប៉ុន្តែការមិនអនុវត្តច្បាប់លើជនល្មើសទើបជារឿងដ៏ហួសហេតុបំផុត ហើយគោលការណ៍ច្បាប់ គឺ ដាក់ទោសចំពោះបុគ្គលណាបានប្រព្រឹត្តបទលើមើសតែប៉ុណ្ណោះ និងអនុវត្តឲ្យល្មើភាព តម្លាភាព និងយុត្តិធម៌»។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតការរឹតបន្តឹងការអប់រំថែមទៀត នៅក្នុងសាលារៀន បន្ទាប់ពីមានករណីហិង្សា ដែលបង្កឡើងដោយសិស្សានុសិស្ស កាន់តែក្តៅគគុក កន្លងទៅនេះ។

ក្នុងគោលបំណងទប់ស្កាត់នូវបាតុភាពអសកម្ម និងអសីលធម៌ទាំងនេះនៅថ្ងៃខាងមុខ ក្រសួងអប់រំបានអំពាវនាវ និងណែនាំដល់អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងយុវជន ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមចូលរួមពង្រឹង និងលើកកម្ពស់ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ ដូចខាងក្រោម៖

១៖ គណៈកម្មការគ្រប់គ្រងសាលារៀន៖ គណៈកម្មការទ្រទ្រង់សាលារៀន នាយកសាលារៀន និងគ្រូបន្ទុកថ្នាក់ ត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តឱ្យបានហ្មត់ចត់បំផុតនូវ «សេចក្តីណែនាំចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន» ជាពិសេសត្រូវពង្រឹងយន្តការរបស់ក្រុមប្រឹក្សាវិន័យនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ឱ្យបានរឹងមាំ។

២៖ ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ និងរចនាសម្ព័ន្ធអង្គការយុវជនដែលមាននៅតាមគ្រឹះស្ថានសិក្សារួមទាំងកាយរឹទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហម ត្រូវចូលរួមឱ្យបានផុសផុលបំផុត ជាមួយសិស្សានុសិស្ស ក្នុងការកសាងមិត្តភាព សាមគ្គីភាព ការជួយយកអាសារគ្នា ការគោរពវិន័យនិងក្រមសីលធម៌ ការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល គ្រួសារ សាលារៀន និងសង្គមជាតិ។

៣៖ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវប្រើប្រាស់ពេលវេលាសមស្របសម្រាប់ការកោះប្រជុំសិស្សានុសិស្សតាមថ្នាក់ តាមក្រុម ឬក្នុងអំឡុងពេលមុនឬក្រោយកម្មវិធីគោរពទង់ជាតិ ដើម្បីធ្វើការពន្យល់ណែនាំ ដាស់តឿនក្រើនរំលឹក ដល់សិស្សានុសិស្សទាំងអស់ឱ្យគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា។ គ្រឹះស្ថានសិក្សា ត្រូវជំរុញការសិក្សាស្វែងយល់អំពីអត្ថន័យ និងការច្រៀងបទចម្រៀង «ពង្សាវតារខ្មែរ» ដើម្បីលើកតម្កើងភាពមោទនភាព ឧត្តមភាពជាតិនិយម និងការជឿជាក់លើព្រះរាជាណាចក្រកម្ពុជា ពីគ្រប់ស្រទាប់សិស្សានុសិស្ស។ សេចក្តីប្រកាសព័ត៌មាននេះ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ត្រូវផ្សព្វផ្សាយជាសាធារណៈ លើបញ្ជីរព័ត៌មាននៅតាមគ្រឹះស្ថានសិក្សា និងប្រព័ន្ធផ្សព្វផ្សាយតាមគ្រប់រូបភាព។

៤៖ គ្រូបន្ទុកថ្នាក់ និងគ្រូប្រចាំមុខវិជ្ជា ត្រូវបន្តដាស់តឿន ក្រើនរំលឹក និងបញ្ជាបការអប់រំចរិយាសម្បទា បន្ថែមលើពុទ្ធិសម្បទា និងបំណិនសម្បទានៅគ្រប់ម៉ោងសិក្សាទាំងអស់ដល់សិស្សានុសិស្សឱ្យអស់ពីលទ្ធភាព។ ក្រសួងអប់រំ បានថ្លែងអំណរគុណ និងសូមអំពាវនាវដោយទទូច ចំពោះមាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា សូមមេត្តាចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចំណាយពេលវេលាបន្ថែម ទាំងនៅតាមគេហដ្ឋាន ឬទីកន្លែងផ្សេងទៀត ក្នុងការបន្តអប់រំ ពន្យល់ ណែនាំបុត្រធីតាគ្រប់ៗរូប ឱ្យដើរលើគន្លងនៃសីលធម៌ និងចរិយាធម៌៕