(ភ្នំពេញ)៖ នាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) លោក ស៊ុំ សោភ័ណ បានបង្ហាញការអះអាងថា ប.ស.ស កំពុងខិតខំជំរុញឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើក្នុងផ្ទះ ធ្វើយ៉ាងណាចាប់ផ្ដើមការអនុវត្តឱ្យបានក្នុងរង្វង់ឆ្នាំ២០២០នេះ។

ជាក់ស្ដែង បន្ទាប់ពីជួបពិភាក្សាចំនួន៤លើកជាមួយតំណាងភាគីនិយោជក តំណាងភាគីសហជីព និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គមរួចមកហើយ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ ប.ស.ស បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពី របបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ជាមួយអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានា នៅសណ្ឋាគារភ្នំពេញ។

នាឱកាសនោះ លោក ស៊ុំ សោភ័ណ បានលើកឡើងថា គ្រប់កម្មករនិយោជិតទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើក្នុងផ្ទះ ដើម្បីទទួលបានប្រាក់សោធននេះបានត្រូវមានលក្ខខណ្ឌទាំងនេះ៖ ពួកគេត្រូវដល់ពេលចូលនិវត្តនៅអាយុ ៦០ឆ្នាំ ប៉ុន្តែក្នុងករណីមានការចុះខ្សោយកម្លាំងកាយ កម្លាំងបញ្ហាស្មារតីមុនអាយុ ៦០ឆ្នាំ ពួកគេក៏អាចទទួលបានប្រាក់សោធននេះបានដែរ។ ចំពោះអ្នកមានបណ្ណសមាជិក ប.ស.ស ដែលមានរយៈពេលយ៉ាងតិច ៣៦ខែ និងបានបង់ភាគទានយ៉ាងតិច ២៤ខែ ហើយជិតដល់ពេលចូលនិវត្ត ពួកគេនឹងទទួលបានប្រាក់សោធនអយ្យកបញ្ញត្តិ។

លោកបានបន្តថា មកដល់ពេលនេះ ប.ស.ស បានរកឃើញកម្មករនិយោជិតដែលនឹងត្រូវបញ្ចូលក្នុងរបបសោធនថ្មីនេះ មានចំនួនប្រមាណ ១លាន៦សែននាក់។ សូម្បីមូលដ្ឋានការងារដែលមានបុគ្គលិក ឬកម្មករម្នាក់ ក៏ត្រូវបញ្ចូលទៅក្នុងបញ្ជីរបស់ ប.ស.ស ដូចគ្នាទាំងអស់ ទោះបីនៅក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធក៏ដោយ។

បើតាមលោក ស៊ុំ សោភ័ណ ការបង់ភាគទានសម្រាប់របសសោធនថ្មីនេះ គឺនិយោជកបង់ ៥០% កម្មករនិយោជិតបង់ ៥០%។

លោកទទួលស្គាល់ថា ក្នុងពេលដំបូងៗដូច្នេះ កម្មករនិយោជិតប្រាកដជាមិនបានយល់ច្រើននៅឡើយទេពីអត្ថប្រយោជន៍នៃរបបសោធននេះ ប៉ុន្តែនៅពេលមានការផ្សព្វផ្សាយ មានការចូលរួមពីនិយោជករបស់ពួកគេបានច្រើនដែរហើយនោះ លោកជឿជាក់ថា កម្មករនិយោជិតនឹងយល់ពីរបបសោធននេះ ហើយនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាចូលរួមជាមួយ ប.ស.ស កាន់តែច្រើនឡើង។

យោងតាមរបាយការណ៍ស្រាវជ្រាវបានចង្អុលបង្ហាញថា បច្ចុប្បន្នមានប្រជាជនកម្ពុជា ៦.៥ភាគរយ មានអាយុលើសពី ៦០ឆ្នាំ។ ផ្អែកតាមទិន្នន័យនេះ ក្រុមប្រជាជនអាយុចាប់ពី ០-១៤ឆ្នាំ មានចំនួន ៥លាននាក់ ក្រុមប្រជាជនអាយុចាប់ពី ១៥-៥៤ឆ្នាំ មានចំនួនជាង ៩លាននាក់ និងក្រុមប្រជាជនអាយុចាប់ពី៥៥ឆ្នាំឡើងទៅ មានចំនួនជាង ១លាននាក់ សមាមាត្រនេះត្រូវបានរំពឹងថា នឹងមានការកើនឡើងប្រមាណ ២៤ភាគរយ ស្មើនឹងជាង ៧លាននាក់ នាឆ្នាំ២០៦៨ ក្នុងរយៈពេល៥០ឆ្នាំខាងមុខ។

លោកបានបង្ហាញការជឿជាក់ថា របបសោធនថ្មីនេះនឹងជួយទប់ស្កាត់នូវបញ្ហាប្រឈម ដោយសារអត្រាមនុស្សចាស់កើនឡើងជាគំហុកក្នុងរយៈពេល៥០ឆ្នាំខាងមុខ។
របបសន្តិសុខសង្គមផ្នែកប្រាក់សោធនក៏នឹងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីជួយទំនុកបម្រុងជីវភាពប្រជាជនពេលចាស់ជរា ខ្វះលទ្ធភាពស្វែងរកប្រាក់ចំណូល ព្រមទាំងកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារ និងទម្លាប់ចិញ្ចឹមគ្នាទៅវិញទៅមក (ឪពុកម្តាយចិញ្ចឹមកូន កូនត្រូវតែចិញ្ចឹមឪពុកម្តាយវិញ) ជាក់ជាមិនខាន៕