(តាកែវ)៖ ក្រុមកម្មការិនីរោងចក្រដេរសម្លៀកបំពាក់ វុណាមី ស្ថិតនៅក្នុងនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ចំនួន ៤១នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០នេះ។

លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងថា ពិតជាមានកម្មករដួលសន្លប់មែននៅព្រឹកមិញនេះ ក៏ប៉ុន្តែការដួលសន្លប់នេះមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេ។

លោកថ្លែងថា «កម្មករចំនួន ៤១នាក់ បានដួលសន្លប់នៅព្រឹកមិញនេះ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ ហើយអាជ្ញាធរកំពុងតែសាកសួរខាងភាគីរោងចក្រ ដើម្បីស្វែងរកមូលហេតុ»

បើតាមលោកអភិបាលស្រុក ក្រោយកើតហេតុកម្មការីនីដែលដួលសន្លប់ ត្រូវទៅដឹកទៅសង្រ្គោះនៅគ្លីនិកឯកជន ពីកន្លែងនៅក្នុងស្រុកបាទី ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបប សន្តិសង្គម ហើយរហូតមកពេលនេះក្រុមកម្មករទាំងអស់ បានធូរស្រាលមួយចំនួនធំហើយ និងខ្លះបានចេញទៅផ្ទះអស់ហើយដែរ៕