(ព្រៃវែង)៖ ដោយសារសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យពីរនាក់ម្ដាយកូនស្លាប់ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ រហូតមកដល់ពេលនេះមិនទាន់មានចំណាត់ការពីតុលាការខេត្តព្រៃវែងនៅឡើយនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ខេត្តស្វាយរៀង បានសំណូមពរឱ្យខាងតំណាងអយ្យការ និងតុលាការខេត្តព្រៃវែង ជួយពន្លឿននីតិវិធី ដើម្បីដោះស្រាយបញ្ហា ជូនជនរងគ្រោះឱ្យបានឆាប់ ដើម្បីបានទទួលសំណង និងទទួលបានយុត្តិធម៌តាមច្បាប់។

យោងតាមមន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ដឹងឱ្យព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះថា ក្រោយពីទទួលបានព័ត៌មានពីករណីគ្រោះថ្នាក់ចររាចរណ៍ ដែលបណ្ដាលឲ្យពីរនាក់ម្ដាយកូនស្លាប់ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងដោយសារតែវាបានផុតដៃពីសមត្ថកិច្ច ហើយធ្លាក់ចូលទៅដៃតុលាការហើយនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក្នុងនាមជាប្រធាមក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ខេត្តស្វាយរៀង បានសំណូមពរឱ្យខាងតំណាងអយ្យការ និងតុលាការខេត្តព្រៃវែង ជួយពន្លឿននិតិវិធីដើម្បីដោះស្រាយបញ្ហាជូនជនរងគ្រោះឱ្យបានឆាប់ ដើម្បីបានទទួលសំណង និងទទួលបានយុត្តិធម៌។

បើតាមរបាយការណ៍ដែល លោក ចៃ ជីម បានប្តឹងទៅតុលាការខេត្តព្រៃវែង បានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១៖១០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិពោធ៌ជ្រៃ ឃុំស្វាយអន្ទរ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក TOYOTA HIHGLANDER ពាក់ផ្លាកលេខភ្នំពេញ2AH-7974 បើកបរដោយឈ្មោះ ជាម ធាវី ភេទប្រុស មុខរបរជាងជុសជុលរថយន្ត នៅរង្វង់មូលស្វាយអន្ទរ បានបើកបរស្ថិត ក្នុងស្ថានភាពស្រវឹងជោគជាំ ទៅបុកគោយន្តកន្ត្រៃពីក្រោយ ដែលកំពុងបើកបរលើដងផ្លូវក្នុងទិសដៅស្របគ្នា បណ្តាលឲ្យអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ចៃ គីម អាយុ៣៧ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នកជិះម្នាក់ទៀតត្រូវជាម្តាយបង្កើតឈ្មោះ សាត សៀក អាយុ៦៣ឆ្នាំ ក៏បានស្លាប់នៅកន្លែងកើតហេតុផងដែរ។

តាមរបាយការណ៍នៃពាក្យបណ្តឹង បានបញ្ជាក់ទៀតថា នៅពេលគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ បងប្អូនរបស់លោក ចៃ ជីម បានទៅដល់កន្លែងកើតហេតុ ក៏បានឃើញឈ្មោះ ជាម ធាវី កំពុងឈរជិតរថយន្តបង្កហេតុខាងលើ និងកំពុងនិយាយទូរស័ព្ទក្នុងស្ថានភាពស្រវឹងជោគជាំ។ ពេលនោះដោយសារការស្គាល់ជាមួយគាត់ ក៏បានឲ្យគាត់ចូលទៅអង្គុយក្នុងរថយន្តបង្កហេតុខាងលើ ដើម្បីរង់ចាំសមត្ថកិច្ចចុះមកដល់ ពេលគាត់អង្គុយក្នុងរថយន្តបានពិនិត្យឃើញថា ជនល្មើសបាននិយាយទូរស័ព្ទជាហូហែរ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានរថយន្តមួយ បានបើកហួសទីតាំងកន្លែងកើតហេតុនោះបន្តិច ស្រាប់តែជនល្មើសឈ្មោះ ជាម ធាវី ក៏បានបើកទ្វារថយន្តរបស់ខ្លួន និងរត់ចេញយ៉ាងលឿនសំដៅទៅរថយន្ត ដែលនៅជិតនោះហើយក៏ឡើងជិះរថយន្តនោះបើកចេញទៅយ៉ាងលឿនរត់គេចខ្លួនបាត់។

បើតាម លោក ចៃ ជីម ត្រូវជាកូន និងបងនៃសព ក៏បានសំណូមពរលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រៃវែង មេត្តាសម្រេចចោទប្រកាន់ជនល្មើស ជាម ធាវី ដើម្បីទទួលខុសត្រូវព្រហ្មទណ្ឌ និងទាមទារសំណងលើព្យសនកម្ម ដែលកើតមានបណ្តាលឲ្យប្អូនប្រុស និងម្តាយបង្កើនបានស្លាប់ និងគោយន្តកន្ត្រៃមួយគ្រឿង រងការខូចខាតទាំងស្រុង ដែលសរុបជាទឹកប្រាក់ ចំនួន៥០,០០០ដុល្លារអាមេរិក។

ប្រជាពលរដ្ឋស្រុកស្វាយអន្ទរ បានឲ្យដឹងថា បុគ្គលឈ្មោះ ជាម ធាវី នេះធ្លាប់បង្កគ្រោះថ្នាក់ចរាចរមួយដងទៅពីរដងរួចមកហើយ ដោយបានជិះម៉ូតូបុកគេហើយបង់លុយ បន្តិចបន្តួចរួចខ្លួន មិនដឹងថាអាងខ្នងខាងណានោះទេបានជាបុគ្គលរូបនេះ មានចរិកក្រអឺតក្រទមបុកគេហើយ មិនទទួលខុសត្រូវបែបនេះ។

សូមបញ្ជាក់ថា ស្ថានភាពគ្រួសាររងគ្រោះគឺជាគ្រួសារក្រីក្រមួយ នៅក្នុងភូមិហើយបានបាត់បង់ម្តាយ កូនដល់ទៅពីរនាក់ ក្នុងមួយពព្រិចភ្នែក ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរដោយសព្វថ្ងៃកូនៗ ចំនួន៤នាក់ បានចេញទៅរកស៉ីក្រៅស្រុក ចំណែកឪពុកចាស់ នៅចាំផ្ទះជាមួយកូនស្រីម្នាក់ ពិតគួរឲ្យអាណិតអាសូរណាស់ មួយវិញទៀត មិនទាន់រកយុត្តិធម៌ និងសំណងដល់គ្រួសារសពនៅឡើយ៕