(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៩ មន្ត្រីនគរបាលចរាចរណ៍ និងជំនាញពាក់ព័ន្ធ បានត្រួតពិនិត្យលើយានយន្តសរុប ១,៤៥៧,៤៤៩គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៧ភាគរយ។ ក្នុងចំណោមយានយន្តជាង ១លានគ្រឿង ដែលបានត្រួតពិនិត្យនេះ បានរកឃើញរថយន្តល្មើស និងពិន័យចំនួន ៣៩៩,០៥៣គ្រឿង ស្មើនឹង ២៧ភាគរយ។

របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបង្ហាញក្នុងពិធីបូកសរុបលទ្ធផលការងាររបស់ខ្លួននាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្នុងចំណោមយានយន្តល្មើសច្បាប់ជិត ៤០ម៉ឺនគ្រឿងនេះ ពិន័យជាប្រាក់ជាង ៣លានដុល្លារអាមេរិក (១២,៣៦៤,៩៧០,០០០រៀល)។

របាយការណ៍បានផ្តល់ព័ត៌មានលំអិតថា ក្នុងឆ្នាំ២០១៩នេះ បានត្រួតពិនិត្យការពាក់មួកសុវត្ថិភាពរបស់អ្នកជិះម៉ូតូចំនួន ៣៤៦,០៨៩នាក់ ឃាត់ខ្លួន និងបង្ខំឱ្យពាក់មួក និងពិន័យចំនួន ២៣២,៨២១នាក់ ស្មើនឹង ៦៧ភាគរយ។

ការល្បាតត្រួតពិនិត្យតាមផ្លូវជាតិលេខ៤ លេខ៥ និងលេខ៦ បានត្រួតពិនិត្យរថយន្តចំនួន ៣៥,៤៣៧គ្រឿង (រថយន្តធុនធ្ងន់ ៤៤ភាគរយ) រកឃើញរថយន្តល្មើស ១៦,៧៨៨គ្រឿង ក្នុងនោះរថយន្តធុនធ្ងន់ ៤៤ភាគរយ។ រថយន្តល្មើសទាំងនេះ ត្រូវបានចាត់វិធានការតាមច្បាប់។

ការត្រួតពិនិត្យល្បឿន បានរកឃើញរថយន្តបើកបរល្មើសល្បឿនចំនួន ៣៥,២៣២គ្រឿង។ ត្រួតពិនិត្យជាតិស្រវឹង បានត្រួតពិនិត្យលើយានយន្ត ៦៣,៣៤៣គ្រឿង។ ក្នុងនោះអ្នកបើកបររថយន្តចំនួន ៣០ភាគរយ និងអ្នកបើកបរម៉ូតូចំនួន ៧០ភាគរយ។ រកឃើញអ្នកបើកបរស្រវឹង ហើយចាត់ការតាមច្បាប់ចំនួន ៣៥,៤៦៩នាក់ ស្មើនឹង ៥៧ភាគរយ ក្នុងនោះអ្នកបើកបររថយន្ត ៣០ភាគរយ និងអ្នកបើកបរម៉ូតូចំនួន ៧០ភាគរយ។

ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស បានចំនួន ១៨៥,៩៣៩គ្រឿង៕