(ព្រះសីហនុ)៖ កាលពីពេលថ្មីៗនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ដ្រីរាជការសមត្ថកិច្ចពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅឆ្នេរអូរឈើទាល២ (ឆ្នេរអតីតអារីស្តុន) និងឆ្នេរអូរត្រេះ ដែលជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់។ ចាប់ពីពេលនេះតទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្ដដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ។

មុនពេលអាជ្ញាធរចុះរុះរើ និងសម្អាតនៅតំបន់មាត់ឆ្នេរទាំងពីរខាងលើ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញសេចក្ដីជូនដំណឹង ដែលកំពុងលក់ដូរនៅលើឆ្នេរអូរឈើទាល (អតីតអារីស្តុន) បានចូលរួមសហការជាមួយអាជ្ញាធរ ដោយបានធ្វើការរុះរើតូប និងស្តង់លក់ដូរ របស់ខ្លួនសរុបទាំងអស់ មានចំនួន ១២៦តូប បានរៀបរយជាស្ថាពរព្រមទាំង បានចូលរួមធ្វើការសម្អាត ឆ្នេរខ្សាច់វិលមករកសភាពស្រស់ស្អាតឡើងវិញ។

ដោយឡែកចំពោះ ប្រជាពលរដ្ឋដែលលក់ដូរនៅលើឆ្នេរអូរត្រេះ (អូរត្រេះ១ មានចំនួន១០៨តូបស្តង់ និងអូរត្រេះ២ មានចំនួន៤៨តូបស្តង់) បានរុះរើរួចរាល់ជាស្ថាពរ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅ។

រដ្ឋបាលខេត្តព្រះសីហនុ សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់ប្រជាពលរដ្ឋ ដែលមានការយល់ដឹងអំពីប្រយោជន៍សាធារណៈ និងបានចូលរួមសហការក្នុងការរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណភាពឆ្នេររបស់យើងឡើងវិញ។

សូមបញ្ជាក់ផងដែរថា សំណង់តូបស្តង់របស់ប្រជាពលរដ្ឋ ដែលបានសាងសង់នៅលើឆ្នេរអូរត្រេះភាគច្រើន ជាសំណង់រឹងមាំ ដែលបានចាក់សាប បេតុងនៅលើឆ្នេរខ្សាច់ដោយផ្ទាល់ និងមានមួយចំនួនសង់ជាប់មាត់ទឹកតែម្តង ក្នុងនោះផងដែរ បន្ទាប់ពីធ្វើការរុះរើតូបស្តង់ទាំងនោះរួច គឺប្រទះឃើញនូវ លូស្តុកលាមក និងសំណល់ផ្ទះបាយ ចំនួន១៣៦លូ ដែលបានបង្កប់ក្នុងឆ្នេរខ្សាច់ផងដែរ។

រដ្ឋបាលខេត្ត បានអះអាងទៀតថា ការរុះរើតូប និងស្តង់លក់ដូរនៅលើឆ្នេរអូរឈើទាលពីរ និងឆ្នេរអូរត្រេះនេះ គឺមិនមែនយកដីទៅឲ្យក្រុមហ៊ុន ឬអង្គភាព អាជីវកម្មឯកជនណាមួយ ធ្វើការវិនិយោគនោះឡើយ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណភាពឆ្នេរឡើងវិញ ដោយរក្សាទុកជាឆ្នេរសាធារណៈ និងជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្ដដោយសេរី ឥតមានបង់ថ្លៃអ្វីឡើយ៕