(ភ្នំពេញ)៖ លោកស្រី ស្រូយ សុជាតិ អគ្គនាយិកា នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន នីងកីឡា និងជាអគ្គលេខាធិការ នៃលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន បានលើកឡើងថា ការអប់រំក្មេងម្នាក់ ឲ្យមានចំណេះវិជ្ជា មិនមែនគ្រាន់តែជាការអប់រំ នៅក្នុងសាលានោះទេ គប្បីចូលរួមពីអាណាព្យាបាលផងដែរ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកស្រី ស្រូយ សុជាតិ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីប្រគល់បណ្ណសរសើរ ជូនដល់បុគ្គលិក-ថ្នាក់ដឹកនាំឆ្នើម វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងអាហារូបករណ៍ជូន សិស្សពូកែប្រចាំឆ្នាំ២០១៩ នៃសាលាអន្ដរជាតិអាស៊ាន ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។

ក្នុងពិធីនោះលោកស្រី ស្រូយ សុជាតិ បានឲ្យដឹងថា មានសុភាសិតជាច្រើន ដែលពាក់ព័ន្ធជាមួយនឹងការអប់រំ ប៉ុន្ដែមានសុភាសិតមួយចំនួន ដែលពាក់ព័ន្ធជាមួយនឹងការវិនិយោគ ទៅលើការអប់រំ ត្រូវបានគេនិយាយថា បើសិនជាចង់រកស៊ីមានបាន ប្រហែលជាមិនបើកសាលានោះទេ ពីព្រោះការងារបើកសាលានេះ មិនមែនគ្រាន់តែជាការ រកប្រាក់ចំណេញផ្ទាល់ខ្លួន។

អគ្គនាយិកា នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ រូបនេះ បានគូសបញ្ជាក់ទៀតថា សុភាសិតមួយ បានលើកឡើងថា បើអ្នកណាបើកទ្វាសាលា គឺអ្នកនោះបិទច្រក នៃការល្ងិតល្ងង់ ដូច្នេះការវិនិយោគ របស់អស់លោក លោកស្រី អាណាព្យាបាល មកលើកូនរបស់ខ្លួន ចំពោះការសិក្សានេះ គឺជាការវិនិយោគមួយ ដែលត្រឹមត្រូវជាបំផុត គឺជាការវិនិយោគមួយ ដែលឈ្លៀសវៃ និងជាការវិនិយោគមួយ ដែលមានលទ្ធផលយូរង្វែង។

លោកស្រី ស្រូយ សុជាតិ បានលើកឡើងថា ក្រោមតែពីការផ្គត់ផ្គង់អប់រំ របស់សាលារដ្ឋ ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសារមិនមានការគ្រប់គ្រាន់ ជូនចំពោះសិស្សានុសិស្សគ្រប់ច្រកល្ហក់ ដូច្នេះ ទើបមានការចូលរួម របស់សាលាឯកជន ហើយលោកស្រី ក៏សូមអំពាវនាវ ជូនចំពោះអាណាព្យាបាល កុំឲ្យគិតគ្រាន់តែជាសាលាឯកជន ឬក៏សាលារដ្ឋ។

លោកស្រីថា ចំពោះលោកគ្រូ អ្នកគ្រូ លោកបានយកចិត្តទុកដាក់ចំពោះសិស្ស ប៉ុន្ដែនៅពេលមានកម្មវិធីសាលា ឬក៏អញ្ជើញអាណាព្យាបាល មកចូលរួមស្ដាប់នូវលទ្ធផល ឬក៏ដំណើរការវិវត្ដរបស់កូនរបស់ខ្លួន ឪពុកម្ដាយ តែងតែនិយាយថា អ្នកគ្រូ ខ្ញុំរវល់ ខ្ញុំរវល់រកស៊ី ដើម្បីរកលុយជូនអ្នកគ្រូ បង់លុយថ្លៃសាលា ឲ្យខ្ញុំមកស្ដាប់ធ្វើអី ក្រែងខ្ញុំយកកូនខ្ញុំ មកដាក់សាលា គឺចង់ឲ្យអ្នកគ្រូ មើលកូនខ្ញុំ បើខ្ញុំមើលដដែលទេ ខ្ញុំយកមកដាក់សាលាធ្វើអី?

លោកស្រី ស្រូយ សុជាតិ បានបញ្ជាក់ថា នេះជាការគិតមួយ ដែលចង្អៀតបំផុត, សុភាសិនភាសាអងគ្លេសមួយ បាននិយាយថា «ដើម្បីអភិវឌ្ឍកូនក្មេងម្នាក់ ឲ្យមានអនាគតបាន» ត្រូវមានការចូលរួម គ្រប់លំដាប់ថ្នាក់ទាំងអស់ ទាំងគ្រូ ទាំងអាណាព្យាបាល ទាំងអ្នកជុំវិញខ្លួន ទើបធ្វើឲ្យក្មេង មានការរីកចម្រើនបានល្អ ដូច្នេះសូមឪពុកម្ដាយទាំងអស់ យកចិត្តទុកដាក់ ចំពោះការងារនេះជាទីបំផុត។

លើសពីនោះទៀត លោកស្រី ស្រូយ សុជាតិ បានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ខ្លាំងណាស់ លើកំណែទម្រង់អប់រំមួយ ដែលមានភាពជាក់លាក់ និងផ្ដល់គុណភាពចំពោះសិស្សានុសិស្ស ទាំងអស់។ លោកស្រី ក៏បានរំលឹកថា «ការអប់រំក្មេងម្នាក់ ឲ្យមានចំណេះវិជ្ជា មិនមែនគ្រាន់តែជាការអប់រំ នៅក្នុងសាលានោះទេ»។

តាមរបាយការណ៍ របស់លោកនាយកសាលា អន្ដរជាតិអាស៊ាន បានឲ្យដឹងថា សាលាអន្តរជាតិអាស៊ាន បានចាប់ដំណើរការ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៦។ គិតមកដល់បច្ចុប្បន្ន មានអាយុកាល១៤ឆ្នាំ នៅលើវិថីអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ក្រោមចក្ខុវិស័យគុណភាព ឧត្តមភាព និង គុណធម៌ អមជាមួយបេសកកម្មចម្បង៖

* លើកកម្ពស់ការសិក្សារបស់សិស្ស ឲ្យមានភាពល្អប្រសើរ ជាមួយការបង្រៀនតាមនិយាមគរុកោសល្យ និងសម្ភារឧបទេសទាន់សម័យកាល។
* ផ្តល់ជូនសិស្សានុសិស្ស នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ផាសុកភាព។
* លើកកម្ពស់ស្មារតីទទួលខុសត្រូវ ឥរិយាបទប្រកបដោយគុណធម៌ និងវប្បធម៌ឲ្យតម្លៃគ្នា ព្រមទាំងអប់រំសិស្សានុសិស្ស ឲ្យមានផ្នត់គំនិតសុទិដ្ឋិនិយម សីលធម៌ និងសុជីធម៌ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងពលរដ្ឋគំរូក្នុងសង្គម៕