(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ របស់បញ្ជាការកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមមតិស្វាគមន៍របស់នាយឧត្ដមនារី ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងទឹក និងឧត្ដមនារីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ២០១៩ កន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន កងទ័ពជើងទឹកបានយកចិត្តទុកដាក់ប្រមូលផ្ដុំដឹកនាំ អនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ក្នុងនោះភារកិច្ចកិច្ចការពារបូរណភាពទឹកដី កងទ័ពជើងទឹកបានពង្រឹងប្រៀបការពារដែនទឹក កោះ ឆ្នេរ ដែនអាកាស និងធ្វើល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវ បានជាប់ជាប្រចាំ។

ជាមួយនោះ នាយឧត្តមសេនីយ៍ បានចាត់តាំងកម្លាំង និងមធ្យោបាយចេញធ្វើសកម្មភាព ទប់ស្កាត់ និងបង្រ្កាបបទល្មើសរក្សាសន្តិសុខ ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងចេញល្បាតរួមគ្នានៅតំបន់ទឹកប្រវត្តិសាស្ត្រជាមួយកងទ័ពជើងទឹកប្រទេសជិតខាងផងដែរ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពជើងទឹក ដែលក្នុងរយៈពេលមួយឆ្នាំមកនេះបានសម្រេចភារកិច្ចគួរជាទីមោទនៈ។

នាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ពីសភាពការណ៍ជាតិ-អន្តរជាតិ ដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសភាពប្រែប្រួល ស្មុគស្មាញ ដែលទាមទារឲ្យនាយទាហាន ពលទាហាន ទាំងអស់ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន និងតាមដានជាប់ជាប្រចាំ ក្នុងនោះបង្រ្កាបឲ្យបានដាច់ខាតរាល់ឧបាយកលនៃចលនាបដិវត្តន៍ពណ៌ ដែលមានគោលបំណងផ្តួលរំលំរារដ្ឋាភិបាលស្របច្បាប់។

ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ នាយនាវី ពលនាវឹកទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យការកំណត់ទិសដៅភារកិច្ចសម្រាប់ពេលខាងមុខ នូវអ្វីដែលជាការចាំបាច់ ដើម្បីប្រមូលផ្ដុំការដោះស្រាយ បង្កើនប្រសិទ្ធភាពការងារនៅតាមកងឯកភាពមុននឹងធ្វើការផ្សព្វផ្សាយ និងចាត់តាំងអនុវត្ត៕