(ភ្នំពេញ)៖ ការដ្ឋានសំណង់ និងឃ្លាំងទំនិញ ដែលសាងសង់លើសច្បាប់អនុញ្ញាត នៅខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ចុះផ្អាកសកម្មភាពនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ដែលមានទីតាំងស្ថិតនៅភូមិស្នោរខាងលិច សង្កាត់ស្នោរ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក គន់ ចាន់សុភារី នាយករងរដ្ឋបាលខណ្ឌ និងលោក វ៉ាន់ ដុល្លា ប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ខណ្ឌ ក្រោមបញ្ជាពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បន្ទាប់ពីរកឃើញថា សាងសង់លើសពីការសុំច្បាប់ និងសង្ស័យមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ថែមទៀតផង។

ពេលចុះទៅដល់ទីតាំងខាងលើ កម្លាំងអាជ្ញាធរបានធ្វើការត្រួតពិនិត្យនូវច្បាប់អនុញ្ញាត ព្រមទាំងធ្វើការវាស់វែងទំហំឃ្លាំង និងរបងព័ទ្ធដីឡូត៌ជុំវិញឃ្លាំង ហើយបានរកឃើញថា មានទំហំលើសពីការស្នើសុំសាងសង់ និងការអនុញ្ញាតឲ្យសាងសង់។

លោក គន់ ចាន់សុភារី នាយករងរដ្ឋបាលខណ្ឌ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងការដ្ឋានមួយនេះ ឈ្មោះ សុខ ចន្ធូ ភេទស្រី ហើយមុនធ្វើការសាងសង់ គាត់បានសុំច្បាប់ពីអាជ្ញាធរខណ្ឌដែរ ប៉ុន្តែក្រោយពីទទួលបានច្បាប់អនុញ្ញាតបែរជាធ្វើការសាងសង់ទំហំលើសកំណត់ ក្នុងច្បាប់ទៅវិញ។

តាមការវាស់វែងជាក់ស្ដែងឃើញថា ទំហំតួឃ្លាំងដែលកំពុងសាងសង់នោះ នៅក្នុងច្បាប់ស្នើរសុំតែត្រឹមតែ៣០០ម៉ែត្រការ៉េទេ ប៉ុន្តែជាក់ស្ដែងសាងសង់ ដល់ទៅ៩០០ការ៉េ ចំណែករបងវិញស្នើរសុំត្រឹមតែប្រវែង១១០ម៉ែត្រប៉ុណ្ណោះ តែជាក់ស្ដែងសង់ដល់ ទៅ២១៨ម៉ែត្រ។

លោកនាយករងរដ្ឋបាល បានបន្តទៀតថា ក្រោយពីរកឃើញបទល្មើសច្បាប់កំណត់ ដែលអាចបង្កហានិភ័យនៅពេលណាមួយបែបនេះ ទើបលោកអភិបាលខណ្ឌ បញ្ជាឲ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្នសិន រង់ចាំឲ្យម្ចាស់សុំច្បាប់ឲ្យបានត្រឹមត្រូវឡើងវិញ ទើបអនុញ្ញាតឲ្យសង់បន្ត។ មិនតែប៉ុណ្ណោះនៅពេលអាជ្ញាធរ និងចុះទៅធ្វើការត្រួតពិនិត្យគុណភាពសំណង់ ជាលើកទី២ម្ដងទៀត ជាមួយមន្ត្រីជំនាញការិយាល័យភូមិបាលខណ្ឌ ដើម្បីបង្ការរាល់ហានិភ័យក្រែង កើតឡើងជាយថាហេតុណាមួយនៅថ្ងៃក្រោយ៕