(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនអំពីច្បាប់ជាតិ-អន្តរជាតិ និងយុទ្ធវិធីប្រតិបត្តិការរបស់កងកម្លាំងនគរបាលការពារព្រំដែន វគ្គទី១០ លើកទី១ ប្រចាំឆ្នាំ២០២០ នៅទីបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។

ពិធីនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, មេបញ្ជាការរងនគរបាលជាតិ ប្រចាំទិសភូមិភាគទាំង៥, ស្នងការរងនគរបាលខេត្តជាប់ព្រំដែន, មេបញ្ជាការវរៈគោក ទឹកទាំង៣៥វរៈ និងសិក្ខាកាមទាំងអស់ សរុបចំនួន៣៥៧នាក់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនលើកនេះចែកចេញជាដំណាក់កាលរួមមាន៖ សិក្សាពីវិន័យសណ្តាប់ធ្នាប់កងជួរនគរបាល, កីឡាពង្រឹកាយសម្បទា និងក្បាច់គុន កាយសម្បទា, សិក្សាពីច្បាប់ និងជំនាញការពារព្រំដែន, ផែនទី ភូមិសាស្រ្ត ឋានលេខា, ឧបករណ៍ស្វែងរកទីតាំង (GPS) និងការហ្វឺកហ្វឺនពីយុទ្ធវិធីថ្នាក់កងអនុសេនាតូច ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការពារ បូរណភាពទឹកដី និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះ ត្រូវតែខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ ដើម្បីទទួលបាននៅចំណេះ ជំនាញបន្ថែមទៀត សំដៅការពារបូរណភាពទឹក និងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋទាំងអស់៕