(កំពង់ឆ្នាំង)៖ បទល្មើសប្រើម៉ាស៊ីនខុសច្បាប់កាវលៀសនៅខេត្តកំពង់ឆ្នាំង យកទៅលក់នៅប្រទេសវៀតណាម កំពុងកើតមានជារៀងរាល់ថ្ងៃ ហើយក៏រងការរិះគន់ជារៀងរាល់ថ្ងៃដែរ ខណៈមន្ត្រីមួយចំនួនដែលចំណុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ប្រឹងបកស្រាយបិទបាំងថា សកម្មភាពកាវលៀសនេះត្រឹមជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ពិបាកនឹងបង្ក្រាបពួកគាត់ណាស់។

ជាក់ស្ដែងនាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្រុមអ្នកសារព័ត៌មានបានប្រទះឃើញសកម្មភាពដឹកជញ្ជូនលៀស តាមកាណូតបាឡាស្មាច់ជាង ៣០គ្រឿង ដែលមានលៀសជាង ៧០០ការ៉ុង កំពុងលើកឡើងលើគោកនៅមាត់កំពង់ស្ថិតក្នុងភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ដើម្បីលក់ឲ្យពួកឈ្មួញដឹកតាមរថយន្តយកទៅលក់នៅប្រទេសវៀតណាម។

អ្នកកាវលៀសខុសច្បាប់ទាំងនោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា លៀសទាំងនេះពួកគេបានកាវកើបយកពីក្នុងភូមិសាស្ត្រភូមិព្រៃគ្រី ឃុំពាមឆ្កោក ស្រុកជលគិរី ហើយបាននាំគ្នាដឹក យកមកលក់ឱ្យឈ្មួញនៅមាត់កំពង់ក្នុងភូមិព្រែកសាលាខាងលើ ដែលគេដឹកយកលក់នៅវៀតណាម។ ចំណែកលៀសក្នុងមួយការ៉ុងទម្ងន់ពី ៧០-៨0គីឡូក្រាម គឺពួកគាត់លក់បានតម្លៃ ១៣,០០០រៀល។

ទាក់ទងនឹងបទល្មើសខាងលើនេះ ក្រុមអ្នកកាសែតបានរាយការណ៍ជូនលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តភ្លាមៗផងដែរ។ បន្ទាប់មក លោក ងិន ហ៊ុន បានបញ្ជាទៅលោក លី ឡា នាយខណ្ឌជលផល ឱ្យចុះឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសនេសាទរួមនឹងវត្ថុតាងខាងលើនេះ។ ប៉ុន្តែមិនបានប៉ុន្មាននាទីផង បែរជាត្រូវបែកការណ៍ ហើយអ្នកកាវលៀសទាំងអស់នោះបើកកាណូតរត់គេចខ្លួនអស់ បន្សល់ទុកលៀសប្រមាណជាង ៧០០ការ៉ុង នៅមាត់កំពង់ទឹកក្នុងភូមិព្រែកសាលា។

មិនតែប៉ុណ្ណោះ ប្រភពព័ត៌មានពីអាជ្ញាធរ និងប្រជាពលរដ្ឋក៏បានឱ្យដឹងដែរថា ជារៀងរាល់ថ្ងៃ អ្នកកាវលៀសខុសច្បាប់នៅក្នុងឃុំឆ្នុកទ្រូកំពុងកាវលៀសដាច់មងដាច់សន្ទូច និងកំពុងតែបំផ្លាញផ្លូវថ្នល់ជារៀងរាល់ថ្ងៃខូចស្ទើរគ្រប់ទីកន្លែង ដោយសារតែការដឹកជញ្ជូនលៀសដោយរថយន្ដខ្នាតធំៗទាំងនេះ។

ចំណែកពួកអ្នកកាវលៀសបានលួចឡើងលៀសចល័តជារៀងរាល់ថ្ងៃ នៅចំណុចកំពង់ទឹកយុគន្ធ ឆ្នុកទ្រូ សេះស្លាប់ និងកំពង់អួរ ដែលគេដឹកតាមរថយន្តធំៗរាប់សិបតោន ខូចផ្លូវលំក្នុងមូលដ្ឋាន ហើយប្រជាពលរដ្ឋក៏បានស្នើសុំអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធជួយពិនិត្យមើលករណីខាងលើនេះផង។

គ្រប់គ្នាបានទទូចទៅកាន់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម សូមចាត់វិធានការទប់ស្កាត់ករណីការដឹកជញ្ជូនលៀសខាងលើនេះ ដើម្បីរក្សានូវធនធានជលផល ក៏ដូចជាលៀសនៅក្នុងបាតទន្លេ ដែលជាចំណីត្រី និងជីវចម្រុះរបស់ជាតឲ្យគង់វង្សបាន៕