(សៀមរាប)៖ ក្រោមប្រធានបទ «មិត្តភាព ចិននិងកម្ពុជា» ស្ថានកុងស៊ុលចិនប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានបើកកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមជនជនបទដោយឥតគិតថ្លៃបានចំនួន ៧៣៧ករណី។

ពិធីនេះស្ថិតក្នុងវត្តមានរបស់លោក លីវ ស៊ីជាង (LIV ZHICHEANG) អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ឃុំពពេល ស្រុកសូទ្រនិគម ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ៤០០នាក់ និងមកទទួលការពិនិត្យសុខភាព និងព្យាបាលជំងឺ។

លោក ក្រុស សារ៉ាត់ បានឱ្យដឹងថា សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងជាច្រើនលើកមកហើយនៅតាមបណ្ដាឃុំ និងស្រុកនានា នៃខេត្ដសៀមរាប។ ការចុះមកជួយពិនិត្យ និងព្យាបាលប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះ គឺជាការមកផ្តល់នូវសេវាសុខាភិបាលមួយចំនួន ដែលនៅមណ្ឌលសុខភាពមិនទាន់មាន និងបានអប់រំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចេះថែទាំសុខភាពសុខភាពជាប្រចាំ និងត្រូវប្រុងប្រយ័ត្នចំពោះការទទួលទានចំណីអាហារ ដោយផ្តោតសំខាន់លើការហូបស្អាត រស់នៅស្អាត ដើម្បីជៀសវាងការមានជំងឺផ្សេងៗ។

លោកអគ្គកុងស៊ុលឱ្យដឹងថា ៦១ឆ្នាំ បន្ទាប់ពីប្រទេសចិន និងកម្ពុជាបង្កើតបានទំនាក់ទំនងការទូតជាមួយគ្នាដ៏ល្អរៀងដរាបមក ប្រទេសទាំង២បានស្ថាបនាជាស្ថាពរនូវភាពជាដៃគូយុទ្ធសាស្រ្ត សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយថ្មីៗនេះប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នាលើផែនការសកម្មភាពជោគវាសនារួមគ្នា។ ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរគាំទ្រគ្នាជួយយកអាសារគ្នាជាបងប្អូនល្អជាដៃគូ និងជាមិត្តភក្តិដ៏ស្មោះត្រង់។

លោកបានបន្ថែមថា សុខភាពល្អរឹងមាំ គឺជាទ្រព្យសម្បត្តិដែលមនុស្សជាតិកំពុងស្វែងរក។ មកដល់ទីនេះ គឺជាលើកទី៤នៃកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជានៅតាមជនបទនានាក្នុងខេត្តសៀមរាប។ លោកមានក្តីរំពឹងចំពោះការគាំទ្ររបស់រដ្ឋបាលខេត្តសៀមរាប ដែលនឹងជួយឲ្យកម្មវិធីនេះបានធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋានជនបទជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា កម្មវិធីនេះមានវត្តមានគ្រូពេទ្យជំនាញស្ម័គ្រចិត្តចូលរួមសហការ ដោយការបញ្ជូនមកពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យអន្តរជាតិរស្មីអង្គរ និងវេជ្ជបណ្ឌិតជំនាញឯកទេស៤រូបផ្សេងទៀត មកពីខេត្តជាំងស៊ូ នៃប្រទេសចិន និងដោយមានការសហការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី និងសភាពាណិជ្ជកម្មចិនសាខាខេត្តសៀមរាប។

បើតាមរបាយការណ៍ ក្រោយការពិនិត្យ និងព្យាបាលជំងឺក្នុងថ្ងៃនេះគឺមានលទ្ធផលដូចខាងក្រោម៖ ពិគ្រោះជំងឺមនុស្សធំសរុប ៣៩៧ករណី មន្ទីរពិសោធន៍ ២១៥ករណី ពិនិត្យអេកូ (E.Cho) ២២ករណី ពិនិត្យធ្មេញ ១៣ករណី ថតអិករ៉េ (X.Ray)១៤ករណី ពិនិត្យ ECG ២ករណី ចាក់ម្ជុលវិទ្យាសាស្ត្រ ៧៦ករណី សរុបការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនាថ្ងៃនោះបានចំនួន ៧៣៧ករណី៕