(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានអញ្ជើញផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២០ ព្រមទាំងបំពាក់ឋានន្តរស័ក្តិ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពរបស់ខ្លួន។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ នៅវិមានឈ្នះ-ឈ្នះ ដែលស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហាន យ៉ាងច្រើនកុះករផងដែរ។

នៅក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានបានប្រមូលផ្តុំអនុវត្តការងារជាទិភាព ដូចជាការសិក្សាស្រាវជ្រាវលើឯកសាធ្វើជាមូលដ្ឋានក្នុងការកសាងផែនការ នយោបាយយុទ្ធសាស្ត្រយោធា ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិការចូលរួមក្នុងកិច្ចប្រជុំអាស៊ាន កាទូតយោធា ការសិក្សាស្រាវជ្រាវ តំបន់ប្រវត្តិសាស្ត្រយោធាការធានានិរន្តរភាពការងាររដ្ឋបាលប្រចាំថ្ងៃ ការងារក្រៅប្រព័ន្ធមួយចំនួន និងខិតខំតាមដានសភាពការណ៍វិវត្តន៍ថ្មីៗ។

តាមយោងតាមរបាយការណ៍ បានឱ្យដឹងថា អគ្គនាយកដ្ឋាន បានខិតខំចងក្រងសៀវភៅ ស ការពារជាតិ ឆ្នាំ២០២០ ដោយបានរៀបចំប្រជុំ និងសិក្ខា
សាលាចំនួន០៦លើក, វិស័យកិច្ចសហប្រតិបត្តិការអន្តរជាតិយោជា៖ បានធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំ និងជួបពិភាក្សាជាមួយភ្ញៀវបរទេស បានចំនួន ១៦លើក, បានសម្របសម្រួលជូនគណៈប្រតិភូបរទេស ចូលជួបសវនាកា និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ចំនួន ៥៨លើក, បានជូន-ទទួលគណៈប្រតិភូកងយោធពលខេមរភូមិន្ទ អញ្ជើញបំពេញទស្សនកិច្ចនៅបរទេស ចំនួន៤០ប្រតិភូ ដែលមានសមាជិកចំនួន ៣៣១រូប, បានជូន-ទទួលតប្រតិភូបទេស អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចំនួន៦១ប្រតិភូ ដែលមានសមាជិក ចំនួន ២,៤៧១រូប, និងជួយសម្របសម្រួលជូននាវាបរទេស ចូលចតនៅកំពង់ផែខេត្តព្រះសីហនុចំនួន ០៨គ្រឿង។

តាមរយៈសកម្មភាពរបស់ខ្លួននៅឆ្នាំ២០១៩កន្លងមកនេះ ក្រៅពីការងារសម្រេចបានខាងលើអគ្គនាយកដ្ឋាន ក៏បានជួយសម្របសម្រួល ដល់កងយោធពលខេមរភូមិន្ទ ក្នុងការស្នើសុំលិខិតឆ្លងដែនថ្មី បន្តសុពលភាពលិខិតឆ្លងដែន (ការទូត និងផ្លូវការ ) និងជួយស្នើសុំទិដ្ឋាការបរទេស ជូននាយទាហានបំពេញបេសកកម្មនៅបរទេស។

បន្ថែមពីនេះ ការងារអាស៊ានយោធា បានចូលរួមប្រជុំពិភាក្សា និងអមដំណើរថ្នាក់ដឹកនាំអញ្ជើញចូលរួមកិច្ចប្រជុំ ADSOM WG, ADSOM, the
13th ADMM (PLUS) និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ក្នុងក្របខ័ណ្ឌកិច្ចការយោធាអាស៊ាន និងសម្របសម្រួលជូននាយទាហានពីអង្គភាពផ្សេង ចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។ បានចូលរួមសហការក្នុងការធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទ មេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ាន លើកទី៩ ចំនួន២ថ្ងៃ នៅរាជធានីភ្នំពេញ និងកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹក អាស៊ានលើកទី១៣ នៅក្រុងសៀមរាប។

ចាប់ពីថ្ងៃសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៨មក ទាំងថ្នាក់ដឹកនាំអគ្គនាយដ្ឋាន និងនាយទាហានប្រចាំការ បានខិតខំបំពេញ ការងារយ៉ាងសកកម្ម ដើម្បីនិរន្តរភាពនៃមានឈ្នះ-ឈ្នះ។ បានទទួលរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន នៅមានឈ្នះ-ឈ្នះ ដូចជា៖ សង្ក្រាន្តឆ្នាំថ្មីឆ្នាំកុរ ពិធីពិសារអំបុកស្នេហាជាតិ ៩ វិច្ឆិកា, ពិធីខួបមួយឆ្នាំ នៃការដាក់ឱ្យដំណើរការវិមានឈ្នះ-ឈ្នះ។

វិមានឈ្នះ-ឈ្នះ ពេលនេះបានក្លាយជាទីសុខដុមនៃមនុស្សទាំងឡាយ។ វិមានឈ្នះ-ឈ្នះបានទទួលប្រតិភូបរទេសផ្លូវការ១៣២លើក ចំនួន៤៤,៧១០ ប្រតិភូជាតិមកពីស្ថាប័នសំខាន់ៗ របស់រាជរដ្ឋាភិបាល និងក្នុងកងយោធពលខេមរភូមិន្ទជាច្រើនសន្ធឹកសន្ធាប់ ជាពិសេសមហាជនបានចាត់ទុកទីនេះ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងបានទស្សនាវិមានរាប់ម៉ឺននាក់ក្នុងឆ្នាំកន្លងទៅ។

សម្រាប់តិសដៅអគ្គនាយកដ្ឋាននឹងបន្តអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ ក៏ដូចជាទិសដៅរបស់ក្រសួងការពារជាតិ ជាពិសេសផែនការរបស់អគ្គនាយកដ្ឋានរួមមាន៖

* ត្រៀមអនុវត្តតាមអនុសាសន៍ និងបទបញ្ជារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងនៅគ្រប់ពេលវេលា
* បន្តស្រាវជ្រាវតំបន់ប្រវត្តិសាស្រ្តយោធានានា និងរៀបចំតំបន់ប្រត្តិសាស្ត្រយោធាទាំងនោះ សម្រាប់កូនចៅ ជំនាន់ក្រោយៗ ទៀតសិក្សាស្រាវជ្រាវនូវស្នាដៃ នៃវីរបុរសយើងនាជំនាន់បច្ចុប្បន្ន
* ត្រៀមចូលរួមបំពេញការងារតាមកម្មវិធីរបស់អាស៊ាន ក្នុងឆ្នាំ២០២០ ដែលមានប្រទេសវៀតណាមជាប្រធាន និងបានត្រៀមជាស្រេចក្នុងការ ជួយសម្របសម្រួលដល់កិច្ចប្រជុំ និងសកម្មភាពការងារអាស៊ាននានា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២០៕