(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់ក្រុមយុវជនទាំងអស់ថា ត្រូវចៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ហើយត្រូវចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន។

ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តឧត្តរមានជ័យ ធ្វើឡើងក្នុងក្នុងពិធីបិទសន្និបាទបូកសរុប និងវាយតម្លៃការងារអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅឆ្នាំសិក្សា២០១៩-២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ។

លោក ប៉ែន កុសល្យ បានថ្លែងទៀតថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់គុណភាពអប់រំនៅក្នុងខេត្ត តាមរយៈការខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ស្រាវជ្រាវ ការផ្តល់កិច្ចសហការជិតស្និទ្ធ និងការចូលរួមយ៉ាងសកម្មបំពេញការងារក្នុងវិស័យនេះ ក្នុងឆ្នាំសិក្សាកន្លងទៅប្រកបដោយជោគជ័យ។

អភិបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ ក៏ដូចជាបណ្តាឆ្នាំកន្លងមក វិស័យអប់រំនៅទូទាំងប្រទេសទទួលបាននូវការរីកចម្រើន ជាបន្តបន្ទាប់ ក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់មានជាអាទិ៍ អគារសិក្សារាប់សិបខ្នង ត្រូវបានកសាង និងជួសជុលថែទាំ សម្រាប់ធានាការរៀនសូត្ររបស់កុមារ និងយុវជននៅគ្រប់ទីកន្លែង។ ការផ្តល់សេវាអប់រំដល់កុមារតូចត្រូវបានបង្កើន ជាពិសេសអត្រាចូលរៀនរបស់កុមារនៅទូទាំងខេត្ត ចំនួនសាលាមធ្យមសិក្សា បានកើនឡើងយ៉ាងឆាប់រហ័សផ្អែកតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល «ឃុំមួយយ៉ាងតិច ត្រូវមានអនុវិទ្យាល័យមួយ»

ជាមួយគ្នានោះ លោក ប៉ែន កុសល្យ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីអប់រំទាំងអស់ ត្រូវពង្រឹងការងារគ្រប់គ្រងសម្ភារ និងថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋ គ្រប់គ្រងអង្គភាព ពិសេសសាលារៀនត្រូវរៀបចំឲ្យមានប្លង់គោលត្រឹមត្រូវ ជៀសវាងមានបាតុភាពជាមួយប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសម្ភារ ទ្រព្យសម្បត្តិដែលជារបស់រួម។

ពង្រឹងការងារគ្រប់គ្រងបុគ្គលិកក្រោមឱវាទ រក្សាសាមគ្គីផ្ទៃក្នុង និងក្រៅឲ្យបានល្អ, បង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះយុវជនបន្តកិច្ចសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន, យុវជនទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់, ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវចូលរួមថែរក្សាសន្តិភាព ព្រោះសន្តិភាពសម្រាប់យើងទាំងអស់គ្នា៕