(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេងមណ្ឌលកំពង់ស្ពឺ, ប្រធានគណៈកម្មការទី៧រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចំនួន ៥១៣នាក់ ដើម្បីចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប្រមាណជិត៣,០០០នាក់ នៅសាលារៀនបឋមសិក្សាប្រជុំមិត្ត ភូមិខ្វិត ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រមទាំងមានអាហារសាមគ្គីចែកជូនជាអាហារសម្រន់នំបុ័ង និងទឹកសុទ្ធផងដែរ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ ដឹកនាំដោយផ្ទាល់ពីលោក ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេង អមដំណើរដោយលោក សំ រិទ្ធី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ, លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយមានការចូលរួមសហការពី៖ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក លី សុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឧដុង្គ លោក ហួ ឈុនគ្រី ប្រធានក្រុមការងារចុះជួយឃុំពាំងល្វា, លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, លោក ងួន វាសនា អភិបាលស្រុកឧដុង្គ ជាពិសេសគឺលោកគ្រូ-អ្នកគ្រូពេទ្យរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និង មន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធ។

ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស ...។ល។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

សូមជម្រាបជូនថា ក្នុងរយៈពេល៨៥ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០) រយៈពេល៨ឆ្នាំ ដែលគិតចាប់ពីថ្ងៃបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន២១៤លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិបសិបប្រាំនាក់) បានពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន៥២០,៤៦១នាក់ (ហាសិបពីរម៉ឺនសូន្យពាន់បួនរយហុកសិបមួយនាក់) ក្នុងនោះស្ត្រីមានចំនួន៣៤៩,៨៩១នាក់ (សាមសិបបួនម៉ឺនប្រាំបួនពាន់ប្រាំបីរយកៅសិបមួយនាក់) ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមតំបន់មូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះដោយសារតែមានការគិតគូរ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់លោក ហ៊ុន ម៉ានី ដោយលោកបានគាំទ្រណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពល ដើម្បីអោយសកម្មភាពមនុស្សធម៌នេះ កើតមានក្នុងន័យចង់ឃើញ ជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងស្មារតីរបស់វិរថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបិតាសន្តិភាពនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិចេញពីផេះផង់ នៃរបបមហន្ធការឲ្យមានការរីកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ។

បើតាមការលើកឡើងរបស់លោក លេង ផាលី បានឲ្យដឹងថា ដូចសព្វដងដែរ ប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមាចំពោះការចុះពិនិត្យនិងព្យាបាលជំងឺនេះ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងសូមគោរពជូនពរលោក ហ៊ុន ម៉ានី និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់សូមជួបនូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ ។

លោកបន្ថែមថា លើសពីនេះទៅទៀតសូមថ្លែងអំណរគុណនិងជូនពរដល់ លោកតា លោកយាយ ពុក ម៉ែ អ៊ុ ពូ មីង បងប្អូន ទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជាដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។

លោកបញ្ជាក់បន្ថែមថា «យើងទាំងអស់គ្នាសូមអរគុណសន្តិភាព និងគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញារួបរួមគ្នាថែរ ក្សា ការពារ សុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍»៕