(សៀមរាប)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥ នៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ស្របពេលមានកីឡាការិនីកម្ពុជា ២រូប ដណ្ដើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារត់ ៤២គីឡូម៉ែត្រ និង ៣២គីឡូម៉ែត្រ ។ ចំណែកជើងឯករត់ចម្ងាយ ១២៨គីឡូម៉ែត្រ បានទៅកីឡាករបារាំង Guillon Antoine និងកីឡាការិនីបារាំង Messina Veronipue ។

ចំពោះកីឡាការិនីកម្ពុជា ២រូប ដែលដណ្ដើមបានជ័យលាភីជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ រួមមានកីឡាការិនី លី ណារី ដែលដណ្ដើមបានលេខ១ ផ្នែកនារី លើវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ប្រើថេរវេលា ៤ម៉ោង ៥នាទី និង ១៥វិនាទី ។ ម្នាក់ទៀត គឺកីឡាការិនីកូនកាត់ខ្មែរ-បារាំង ឡូរី ដែលដណ្ដើមបានលេខ១ ផ្នែកនារី លើវិញ្ញាសារត់ ៣២គីឡូម៉ែត្រ ដោយប្រើថេរវេលា ២ម៉ោង និង ៤២នាទី ។

ចំណែកវិញ្ញាសាគោលក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គឺរត់ចម្ងាយ ១២៨គីឡូម៉ែត្រ លេខ១ ផ្នែកបុរសបានទៅកីឡាករបារាំង Guillon Antoine ប្រើថេរវេលា ១២ម៉ោង ១២នាទី និង ៥៧វិនាទី, លេខ២ កីឡាករបារាំង Le Saux Christophe ប្រើថេរវេលា ១៣ម៉ោង ៤២នាទី និង ៣២នាទី ។ ឯផ្នែកនាទី លេខ១ បានទៅកីឡាការិនីបារាំង Messina Veronipue ប្រើថេរវេលា ១៧ម៉ោង ៣០នាទី និង ២៦វិនាទី ខណៈលេខ២ បានទៅកីឡាការិនីហុងកុង Cheng Yin Kwan ប្រើថេរវេលា ២០ម៉ោង ៤៤នាទី និង ៧វិនាទី ។

ដោយឡែកវិញ្ញាសារត់ ៦៤គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទីកីឡាករបារាំង Dercourt Yohan ប្រើថេរវេលា ៥ម៉ោង ១៨នាទី និង ៤៩វិនាទី និងលេខ២ បានទៅកីឡាករចក្រភពអង់គ្លេស King Ali ប្រើថេរវេលា ៥ម៉ោង ៤៥នាទី និង ៤០វិនាទី ។ រីឯលេខ១ ផ្នែកនារី កីឡាការិនីបារាំង Corne Katell ប្រើថេរវេលា ៦ម៉ោង ៥៥នាទី និង ៣៨វិនាទី និងលេខ២ កីឡាការិនីចក្រភពអង់គ្លេស Washington Harri ប្រើថេរវេលា ៧ម៉ោង ២២នាទី និង ០៥វិនាទី ។

ចំពោះពិធីបិទ និងបំពាក់មេដាយជលាភី បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC, លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC រួមទាំងថ្នាក់ដឹកនាំរៀបចំព្រឹត្តិការណ៍ ហើយក្នុងឱកាសនោះ ក៏មានការរៀបចំពិធីកាត់នំខួប ៥ឆ្នាំ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះផងដែរ៕