(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាពេលនេះបើនិយាយពីទង្វើរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពុងដំណើរការ នីតិវិធីផ្លូវច្បាប់ស្ដីពីសន្ទិដ្ឋភាពជាមួយរដ្ឋបរទេសដោយផ្អែកតាមវីដេអូបង្ហោះជាសាធារណៈ នៅក្នុងកម្មវិធីសំណះសំណាលជាមួយ សកម្មជនខ្លួននៅប្រទេសអូស្រ្ដាលី ដែលលោកបានអះអាងយ៉ាងច្បាស់ៗថា «លោកបានទទួលការបណ្ដុះបណ្ដាលពីអ្នកជំនាញការល្បីៗពីសហរដ្ឋអាមេរិក និងកាណាដា ដោយកំណត់ឲ្យលោក រើសយកប្រទេសយូហ្គោលស្លាវី ធ្វើជាគម្រូក្នុងការផ្លាស់ប្ដូរប្រជាធិបតេយ្យ» នោះគឺជាភស្ដុតាងបង្ហាញថា «លោកបានត្រូវរ៉ូវគ្នាជាមួយនឹងរដ្ឋបរទេស»

ពីព្រោះបរទេសដែលបង្គាប់បញ្ជាឲ្យលោក កឹម សុខា រើសយកប្រទេសយូហ្គោលស្លាវី ធ្វើជាគម្រូក្នុងការផ្លាស់ប្ដូរនេះ នរណាក៏គេដឹងដែរថា ចំពោះការផ្លាស់ប្ដូរពុំដើរតាមគន្លងប្រជាធិបតេយ្យនោះទេគឺ ដើរតាមគន្លងបដិវត្ដពណ៌ ឬរដ្ឋប្រហារ។

ដោយហេតុថាក្រោយបដិវត្ដឆ្នាំ១៩៩២ ប្រទេសនេះបានធ្លាក់ទៅក្នុងសង្រ្គាមផ្ទៃក្នុងនិងវិបត្ដិនយោបាយរុំារ៉ៃ ហើយបានជ្រៀកប្រទេសជាបំណែកៗចំនួន៦ មានជាអាទិ៍៖ ស៊ែប , ម៉ុងតេណេហ្គ្រោល, បូស្នី , ក្រូអាត, ស្លូវេនី, និងកូសូវូ។ បើហេតុនេះចំពោះការផ្លាស់ប្ដូរដោយយកគម្រូតាមប្រទេសយូហ្គោលស្លាវីនោះ គឺប្រទេសនានាលើពិភពលោកគេខ្លាចបំផុត។

លោក រត្ន័ សណ្ដាប់ បានបន្ដដោយដាក់ការសង្ស័យអំពីទង្វើ និងសកម្មភាពដូចអ្វីដែលលោក កឹម សុខា បានអះអាងនោះថា ក្រោយការបោះឆ្នោតឆ្នំា២០១៣ អតីតបក្សសង្រ្គោះជាតិបាន កេណ្ឌសកម្មជនខ្លួនឲ្យដើរចុះថ្នល់យ៉ាងអនាធិបតេយ្យដោយស្រែកៗដូរ- ដូរ -ដូរ បង្កនូវភាពអនាធិបតេយ្យពេញរាជធានីភ្នំពេញ។

ម្យ៉ាងទៀតស្ថិតក្នុងន័យនេះដែរ បើនិយាយពីទង្វើសាវតារអ្នកនយោបាយខ្មែរ ដែលត្រូវរ៉ូវជាមួយនិងរដ្ឋបរទេសនេះដែរ គឺគ្មានអ្វីប្លែកនោះទេ ជាក់ស្ដែងនៅឆ្នាំ១៩៧០ ក្នុងរដ្ឋប្រហារផ្ដួលរំលំ សម្ដេចឪព្រះបររតនកោដ្ឋនៃយើង គឺពួកបរទេសទំាងនេះតែងបដិសេធន៍ជានិច្ចថាពួកគេពុំជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារនោះទេ។

តែអ្វីជាភស្ដុតាងដែលពុំអាចប្រកែតបាននោះ គឺលិខិតរបស់ទ្រង់សិរីមតៈនៅឆ្នាំ១៩៧៥ ដោយទ្រង់ បានបញ្ជាក់យ៉ាងច្បាស់ៗថា «ទ្រង់ មានការសោកស្ដាយណាស់ ដែលទ្រង់បានជឿតាម សហរដ្ឋអាមេរិក ហើយទ្រង់សុខចិត្ដរើសយកការស្លាប់ក្នុងប្រទេសដើម្បីសម្ដែងពីកំហុសរបស់ទ្រង់ ក៏ដូចជាសម្ដែងនូវការសុំទោសដល់ប្រជាពលរដ្ឋខ្មែរ នឹងកុំឲ្យអ្នកនយោបាយខ្មែរជំនាន់ក្រោយៗទៀតយកគម្រូតាមទ្រង់ឲ្យសោះ»

ជាចុងក្រោយលោក រត្ន័ សណ្ដាប់ បានចោទជាសំនួរដោយអស់សំណើចថាបើដូចនេះចំពោះករណីលោក កឹម សុខា បើយើងឧបមាថា លោកពិតជាស្រលាញ់ក្នុងការផ្លាស់ប្ដូរ តាមបែបប្រជាធិបតេយ្យពិតប្រាកដមែនទៅចុះ។

យើងសួរថាចុះហេតុអ្វី ក៏លោកមិនរើសយកសហរដ្ឋអាមេរិក ឬកាណាដា មកធ្វើជាគម្រូក្នុងផ្លាស់ប្ដូរតាមគន្លងប្រជាធិបតេយ្យ? ពីព្រោះសហរដ្ឋអាមេរិក ឬកាណាដា គឺជាប្រទេសដែលមានការផ្លាស់ប្ដូរប្រជាធិបតេយ្យប្រពៃជាងយូហ្គោលស្លាវី។ បើដូច្នេះបើនិយាយពីការផ្លាស់ប្ដូរតាមគន្លងប្រជាធិបតេយ្យ គឺគ្មានប្រទេសណាមួយគេរើសយកគម្រូតាមប្រទេសយូហ្គោលស្លាវីនោះទេ៕