(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋខេត្តរតនគិរី បានប្រទះឃើញគ្រាប់បែកចង្កោម១គ្រាប់ ខណៈដែលរថយន្តដឹកអាចម៌ដី យកទៅចាក់ធ្វើផ្លូវ ស្ថិតក្នុងភូមិទេសអន្លង់សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោកឈិន សុធា ប្រធានក្រុមកម្ទេចគ្រាប់ទី៥ នៃអង្គការម៉េដ (AMG) បានឲ្យដឹងថា គ្រាប់បែកនេះ ជាប្រភេទគ្រាប់បែកចង្កោម សល់ពីសម័យសង្គ្រាមចន្លោះឆ្នាំ១៩៧៣-១៩៧៤ ដែលបន្សល់ពីការទម្លាក់គ្រាប់របស់អាមេរិក ហើយគ្រាប់នេះទៀតសោត ងាយផ្ទុះណាស់ ដូច្នេះមិនអាចដឹកយកចេញបានទេ ត្រូវដុតបំផ្លាញចោលនៅកន្លែង។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុថា រូបលោកបានជូនព័ត៌មានទៅអគ្គស្នងការនគរបាលជាតិ និងអាជ្ញាធរខេត្តរតនគិរី ដើម្បីធ្វើការដុតបំផ្លាញចោល ព្រោះមិនអាចដឹកចេញបានខ្លាចក្រែងមានហេតុការណ៍កើតឡើងព្រោះគ្រាប់នេះងាយផ្ទុះណាស់។

លោកឧត្តមសេនីយ៍ស្នងការ បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងក្រុងបានលុង បើឮសំឡេងផ្ទុះសូមកុំមានការភ្ញាក់ផ្អើល ព្រោះខាងអង្គការម៉េដ ពួកគេនឹងចាប់ផ្តើមបំផ្លាញគ្រាប់បែកចង្កោមនេះ ភ្លាមៗតែម្តង៕