(ភ្នំពេញ)៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាបានប្រកាសលទ្ធផលចាប់ឆ្នោត ផ្តល់រង្វាន់លើកទឹកចិត្តអតិថិជនប្រើប្រាស់ឥណទានខ្នាតតូច កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅស្ថានីយទូរទស្សន៍ស៊ីធីអិន (CTN) ក្នុងកម្មវិធីរាត្រីកំសាន្ត។

អតិថិជនឥណទានខ្នាតតូចចំនួន៣៥នាក់ត្រូវបានផ្តល់សំណាងតាមរយៈសន្លឹកឆ្នោត ដើម្បីទទួលបានរង្វាន់ម៉ូតូ Honda Dream ឆ្នាំ២០២០ ចំនួន០៥រង្វាន់ ទូរទស្សន៍អិលជី LED ៤២ អ៊ិញ ចំនួន១០រង្វាន់ និងកង្ហារហាតារិចំនួន២០រង្វាន់។
ការចាប់ឆ្នោតផ្តល់រង្វាន់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់អតិថិជនហត្ថាកសិករ ដែលតែងតែគាំទ្រប្រើប្រាស់សេវាកម្មរបស់ហត្ថាកសិករ ជាពិសេសការប្រើប្រាស់ឥណទានខ្នាតតូច។

ជាលទ្ធផលឈ្មោះអតិថិជនឈ្នះរង្វាន់ទាំងអស់ត្រូវបានប្រកាសជាផ្លូវការដោយគោរពតាមគោលការណ៍ និងលក្ខខណ្ឌផ្សេងៗនៃការចាប់ឆ្នោត។ជាមួយគ្នានេះផងដែរ អ្នកឈ្នះរង្វាន់ទាំងអស់នឹងត្រូវបុគ្គលិកហត្ថាកសិករក្នុងតំបន់ទំនាក់ទំនងទៅដោយផ្ទាល់ ដោយមិនតម្រូវឲ្យមានការបង់ប្រាក់អ្វីឡើយដើម្បីទទួលបានរង្វាន់។

គួររំលឹកផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៦ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១២៩ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក៕