(ព្រះសីហនុ)៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តធំ២គ្រឿងបុកគ្នា នៅក្នុងភូមស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីកណ្តាលយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចមូលដ្ឋាន។

មន្ត្រីមូលដ្ឋានស្រុកកំពង់សិលា បានឲ្យដឹងថា អ្នករងបួស និងស្លាប់ ជាភាគីខាងរថយន្តចង្កូតស្តាំ ពាក់ស្លាកលេខខេមរភូមិន្ទ 3-1807 បេីកបរដោយឈ្មោះ ពុំ ប៉ាន់ ភេទប្រុស អាយុ៤១ឆ្នាំ (រងរបួសធ្ងន់) ដោយឈ្មោះ ប៉ាន់ ភ័ស ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូនបង្កើតអ្នកបើកបរ បានស្លាប់ នៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះទាំងពីរមានទីលំនៅភូមិកាប់ទូក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ចំណែកភាគីម្ខាងទៀតជារថយន្តកុងតឺន័រពាក់ស្លាកលេខ ភ្នំពេញ 3A-5232 (អ្នកបើកបររត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ)។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្ដត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយតាមនីតិវិធី៕