(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងតាមរយៈ Facebook ថា ដោយសារតែសន្តិភាព ប្រទេសកម្ពុជាសព្វថ្ងៃនេះ ទោះបីនៅក្នុងក្រុង ឬចេញក្រៅក្រុង គឺមានកន្លែងកំសាន្តល្អៗជាច្រើន។

សម្តេចបានថ្លែងបន្តថា នៅក្នុងទីក្រុងភ្នំពេញនៅតាមផ្សារទំនើបៗដូចជាផ្សារអ៊ីអន (AEON) ក៏មានន្លែងសម្រាប់បងប្អូននាំកូនចៅទៅកំសាន្ត ញាំអាហារ ទិញទំនិញ និងលំហែអារម្មណ៍បានគ្រប់ពេល។

សម្តេចគូសបញ្ជាក់ថា៖ «ដោយសារប្រទេសយើងមានសុខសន្តិភាព សព្វថ្ងៃនេះមាននិស្សិតមកពីបរទេសជាច្រើនបានមកសិក្សានៅក្នុងប្រទេសយេីង ហើយក៏មានទេសចរ អ្នកជំនួញ និងមន្រី្តជំនាញឯកទេសជាច្រើនមកកំសាន្ត និងមករស់នៅក្នុងប្រទេសយើងទៀតផង។ អរគុណបងប្អូនដែលរួមរួមគ្នាថែរក្សាសន្តិភាព»

សម្តេចតេជោ បានសូមផ្ញើសេចក្តីនឹករឮកទៅកូនក្មួយនៅកូរ៉េទាំងអស់គ្នាផង សង្ឃឹមថានឹងបានជួបពួកគេក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចបានជូនពរការធ្វើដំណើរកំសាន្តជិតឆ្ងាយរបស់បងប្អូនមានសុខសុវត្ថិភាពគ្រប់ៗគ្នា៕