(ត្បូងឃ្មុំ)៖ សិស្សអនុ-វិទ្យាល័យក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន៤១នាក់ គិតត្រឹមរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានដួលសន្លប់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែសម្រាប់ស្ថានភាពជំងឺវិញ បានធូរស្រាលខ្លះហើយ មិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ពេលកំពុងចុះសួរសុខទុក្ខសិស្សសាលារងគ្រោះលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមករា ចាប់ពីម៉ោង ១ ដល់ ៣រសៀល មានសិស្សនៅវិទ្យាល័យក្រូចឆ្នារចំនួន ១២នាក់ (ស្រី១២នាក់) ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោងព្រឹក មានសិស្ស ២៨នាក់ (ស្រី ១៧នាក់) និងពីអនុវិទ្យាល័យក្រូចឆ្មាចំនួនម្នាក់ សរុបចំនួន ៤១នាក់ (ស្រី៤០នាក់) បានដួលសន្លប់។

លោក ហាក់ សុខមករា បានបញ្ជាក់បន្ថែមថា តាមការសន្និដ្ឋានពីការដួលសន្លប់អាចមកកត្តាមួយចំនួនរួមមាន៖

*ទី១ ៖ កត្តាបរិស្ថាន៖ អាចផ្សែងចេញពីឡឥដ្ឋ ខាងក្រោយវិទ្យាល័យចំងាយប្រហែល ២០០ម៉ែត្រ និងឡដុតសំរាមក្នុងសាលា និងអាកាសធាតុក្ដៅហប់
*ទី២ ៖ កត្តាសុខភាព៖ សិស្សខ្សោយ អាហារមិនទៀងទាត់ សម្រាកមិនគ្រប់គ្រាន់ ក្នុងនោះចំណោម ៤១នាក់ អ្នកជំងឺខ្វះជាតិស្ករ ៥ករណី ខ្វះជាតិកាល់ស្យូម ៣ករណី ក្រៅពីនេះពាក់ព័ន្ធអារម្មណ៍តក់ស្លុត ក្រោយពេលឃើញមិត្តភក្តិដួលសន្លប់។

បើតាមអភិបាលរងខេត្តរូបនេះ គិតមកដល់ពេលនេះ ស្ថានភាពសិស្សបានធូរស្រាលឡើងវិញ ហើយពុំមានបញ្ហាធ្ងន់ធ្ងរអ្វីឡើយ ដោយសារមានការជួយសង្រ្គោះបន្ទាន់ពីក្រុមគ្រូពេទ្យ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។

នៅរសៀលថ្ងៃដដែលនេះលោក ហាក់ សុខមករា ចុះពិនិត្យនៅវិទ្យាល័យ រួចឧបត្ថម្ភសាងសង់របងសាលា ៤ប្រឡោះ ដោយចំណាយថវិកា ៦២០ដុល្លារ៕