(ភ្នំពេញ)៖ ពានជយលាភភីទីក្រុងស្អាតអាស៊ាន ដែលសមាគមអាស៊ានបានផ្ដល់ជូនខណ្ឌ-ក្រុងទាំង៣របស់កម្ពុជា (ខណ្ឌដូនពេញ ក្រុងតាខ្មៅ និងក្រុងកំពត) ត្រូវបានដង្ហែមកដល់មាតុភូមិកម្ពុជាហើយ ខណៈមន្ត្រីរាជការនិងប្រជាពលរដ្ឋប្រចាំខណ្ឌ-ក្រុងរបស់ខ្លូន រួមទាំងប្រទេសកម្ពុជាទាំងមូល បានបង្ហាញការអបអរសាទរយ៉ាងក្រៃលែងចំពោះការទទួលបានពានមហាកិត្តិយសទាំង៣នេះ។

សម្រាប់ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ គ្រាន់តែមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ នាថ្ងៃទី១៧ ខែមករានេះ លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានលើកពានជយលាភីបង្ហាញប្រជាពលរដ្ឋ និងភ្ញៀវអ្នកដំណើរប្រកបដោយភាគរីករាយ។

ចំណែកឯក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវបានលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល សន្យាថានឹងរៀបចំពិធីអបអរសាទរឱ្យបានឱឡារិក ចំពោះការទទួលបានពានជយលាភីទីក្រុងស្អាតអាស៊ានសម្រាប់ក្រុងតាខ្មៅ។

រីឯក្រុងកំពតឯណោះវិញ មន្ត្រីរាជការ និងប្រជាពលរដ្ឋក៏សប្បាយរីករាយមិនណយដែរ នៅពេលបានឃើញរូបភាពលោក ជាវ តាយ អភិបាលខេត្តកំពត លើកពានជយលាភីទីក្រុងស្អាតអាស៊ានសម្រាប់ក្រុងកំពតរបស់ខ្លួន លើវេទិកាមួយដែលត្រូវបានរៀបចំនៅឯប្រទេសព្រុយណេ។

សូមជម្រាបថា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ខណ្ឌ-ក្រុងចំនួន៣ ដែលត្រូវបានចាត់ទុកជាទីក្រុងទេសចរណ៍របស់កម្ពុជា រួមមាន៖ ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកំពត (ខេត្តកំពត) និងក្រុងតាខ្មៅ (ខេត្តកណ្ដាល) បានទទួលពានជយលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលត្រូវបានប្រគល់ជូនតំណាងរៀងៗខ្លួន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅទីក្រុងបង់ដាសេរីបេហ្គាវ័ន ប្រទេសព្រុយណេដារូសាឡឹម។

ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាតអាស៊ាននេះ កម្ពុជាបានដាក់ខណ្ឌ-ក្រុងចំនួន ៦ ប៉ុន្តែក្រុងកំពង់ចាម ក្រុងពោធិ៍សាត់ និងក្រុងក្រចេះ មិនអាចដណ្ដើមបានពានជយលាភីនេះ។

ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

ការប្រកួតប្រជែងនេះក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុង នៅក្នុងតំបន់អាស៊ានឲ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព៕