(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានផ្តាំផ្ញើដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ និងត្រូវបង្កើនចំណេះដឹងស្វែងយល់បន្ថែមឲ្យបានច្រើន ដើម្បីមានឱកាសចូលបំពេញការងារតាមប្រអប់ដែលនៅទំនេរ។

ការផ្តាំផ្ញើបែបនេះត្រូវបានធ្វើឡើងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខេត្តចំនួន ១៩២រូប ព្រមទាំងពិនិត្យរចនាសម្ពន្ធមន្ត្រីរាជការតាមបណ្តាទីចាត់ការ និងអង្គភាពនីមួយៗ ដើម្បីបំពេញបន្ថែមនូវប្រអប់ដែលនៅទំនេរ។

លោក ម៉ៅ ធនិន បានឱ្យដឹងថា មន្រ្តីរាជការសាលាខេត្ត គឺជាក្បាលម៉ាស៊ីនលើការងារគ្រប់គ្រងនូវរាល់កិច្ចការទាំងអស់នៅក្នុងខេត្ត ដូចេ្នះត្រូវតែមានចិត្តទូលាយ កុំមានការរើសអើង ស្មោះត្រង់ ស្អាតស្អំ យោគយល់អធ្យាស្រ័យគ្នា បង្កើតសាមគ្គីផ្ទៃក្នុង និងត្រូវបន្តជំរុញការបណ្តុះបណ្តាល អភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ពង្រឹងការគ្រប់គ្រងឯកសារ លិខិតស្នាម ពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តឲ្យបានត្រឹមត្រូវម៉ឺងម៉ាត់ និងត្រូវលះបង់នូវភាពអសកម្ម ដើម្បីក្លាយជាកម្លាំងចលករក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្ត។

លោកបានបន្ថែមទៀតថា នៅក្នុងខេត្តក៏ដូចជាបណ្តាក្រុង-ស្រុកដទៃទៀតតែងពិនិត្យឃើញថា នៅមានកន្លែងជាច្រើនត្រូវការធនធានមនុស្ស គឺមានតែមន្ត្រីជំនាន់ថ្មីនេះហើយជាទំពាំងស្នងឫស្សីដែលមានសមត្ថភាព អាចនឹងចូលទៅបម្រើការនៅទីនោះបាន។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់ពិតជាមោទនភាពក្រៃលែង ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជ្រើសរើស ដើម្បីសម្ពោធជារួមនូវអគារច្រកចេញ-ចូលតែមួយ តំណាងឱ្យរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ខាងមុខ ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះ លោកបានស្នើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាចូលរួមរៀបចំកម្មវិធីនេះឲ្យទទួលបានផ្លែផ្កា និងប្រសិទ្ធភាពខ្ពស់ សម្រាប់ជាមុខមាត់ខេត្តពោធិ៍សាត់៕