(ភ្នំពេញ)៖ ក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជិតឈានមកដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូទៅជូនពរឆ្នាំថ្មី ជូនចំពោះ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

មានប្រសាសន៏ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលក្នុងរយៈពេលមួយឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានខិតខំលើកកម្ពស់ឈានដល់កម្រិតកំពូល។

នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់ សាធារណរដ្ឋប្រជាមានិតចិន ដែលកន្លងមកបានជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ ធ្វើឲ្យកងទ័ពកម្ពុជាមានការវិវត្តន៍ រីកចម្រើនជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងនូវការជូនពរដល់ លោកឯកអគ្គរដ្ឋទូតចិន និងក្រុមគ្រួសារ ព្រមទាំងសហការី សូមជួបតែភាពសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងសូមឲ្យមានសុខភាពល្អ មានសុភមង្គល ជាពិសេស សូមឲ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរស្ថិតស្ថេរជាអមតៈ ។

ជាកិច្ចឆ្លើយតប លោក វ៉ាង វិនធាន បានថ្លែងអំណរគុណដល់ប្រតិភូអគ្គបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ។

លោកបានរម្លឹកឡើងវិញ ពីដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់នៃកិច្ចពង្រឹងកិច្ចសហប្រ តិបត្តិការរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធដល់វិស័យយោធារវាងប្រទេសទាំងពីរ ឯកឧត្តមអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនង នាពេលកន្លងមក ហើយលោកក៏បានប្រសិទ្ធពរសូមឲ្យចំណងសាមគ្គីភាព មិត្តភាពដែលមានស្រាប់ កាន់តែត្រូវបានពង្រឹង ពង្រីក ទ្វេរដង ថែមទៀត សមស្របនឹងស្ថានការណ៏ដែលកំពុងឈានដល់ការរីកចម្រើនក្នុងដំណាក់កាលថ្មី ៕