(ភ្នំពេញ)៖ ការប្រគល់រថយន្តទំនើប Porsche Macan ស៊េរីចុងក្រោយបង្អស់ជូនអតិថិជនដែលត្រូវរង្វាន់ពីស្រាបៀរកម្ពុជា នឹងប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ស្អែកនេះ ដោយអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក លាង ពៅ (ភីធើរ) ប្រគល់ដោយផ្ទាល់ដៃជូនដល់អ្នកឈ្នះ។

ក្រោយពីការផ្ទុះព័ត៌មាន នៃការរកឃើញអ្នកឈ្នះ រង្វាន់រថយន្តដ៏ទំនើបខាងលើភ្លាម សាធារណជនបានដាក់ចម្ងល់ថា តើការប្រគល់នឹងប្រព្រឹត្តទៅនៅពេលណា កន្លែងណា និង គគ្រឹកគគ្រេងកម្រិតណា ព្រោះនេះជារង្វាន់ដ៏ធំបំផុតរបស់ស្រាបៀរកម្ពុជា។

បើតាមការឱ្យដឹងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា ក្រុមហ៊ុនក៏នឹងរៀបចំការប្រគំតន្រ្តីមួយ ដើម្បីអបអរសាទរដល់អ្នកឈ្នះ លោក ណុយ សុខណេម នៅបរិវេណមុខមហោស្រពកោះពេជ្រ វេលាម៉ោង៨ល្ងាចតទៅ ដូច្នេះសាធារណជនអាចចូលរួមទស្សនា និងកម្សាន្តដោយសេរីបានផងដែរ៕