(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្លូវអាទិភាពមួយសម្រាប់តែរថយន្តក្រុងតែម្តង ពោលគឺនឹងបើកគន្លងផ្លូវអាទិភាពរថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ដោយចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្ដេជ្ញាថា នឹងកែសម្រួលផ្លូវរត់រថយន្តក្រុងសាធារណៈឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុងរថយន្តក្រុងសាធារណៈ ជំនួសឱ្យការប្រើប្រាស់សេវាឯកជន។

ការប្តេជ្ញាបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ មករា ២០២០ ក្នុងអង្គប្រជុំគណៈកម្មាធិការរៀបចំផ្លូវអាទិភាពរថយន្តក្រុង និងដឹកជញ្ជូនសាធារណៈ Citybus នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា នេះជាការងារចាំបាច់សម្រាប់រាជធានីភ្នំពេញ ដោយត្រូវធ្វើយ៉ាងណាឱ្យរថយន្តក្រុងសាធារណៈរបស់រដ្ឋ ធ្វើចរាចរណ៍ទៅដោយរលូនមិនមានការកកស្ទះ។ លោកបន្តថា បើការងារនេះទទួលបានជោគជ័យនោះ ប្រជាពលរដ្ឋនឹងងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងជាក់ជាមិនខាន។

លោកអភិបាល បានបន្ថែមថា អ្វីជាគម្រោង ដែលអាជ្ញាធររាជធានីត្រូវអនុវត្តគឺយើងជ្រើសរើសយកផ្លូវមួយខ្សែដោយ ចាប់ចាកចេញពីផ្លូវប្រសព្វរវាងផ្លូវព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោលជិតផ្សារធំថ្មីទៅដល់ច្រមុះជ្រូកស្ទឹងមានជ័យ។ លោកបានបញ្ជាក់ផងដែរថា បើគម្រោងទី១ ទៅលើផ្លូវអទិភាពមួយខែនេះ ទទួលបានជោគជ័យរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការសិក្សាទៅលើបណ្ដាញផ្លូវផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឱ្យខ្សែរត់នៅក្នុងរាជធានីភ្នំពេញ ទទួលបានការគាំទ្រ និងពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ។ ការងារនេះអាចសម្រេចបានគឺត្រូវតែមានការចូលរួមពីអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចប៉ូលីសពាក់ព័ន្ធ ។

លោក អ៊ាង សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានមានឱ្យដឹងដែរថា ក្រោយការសិក្សា ក្រុមការងាររបស់លោកមានជម្រើស២ ដើម្បីប្រើប្រាស់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈ ក្នុងនោះមានជម្រើស៖ ទី១៖ គន្លងផ្លូវអាទិភាពរថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ដែលបង្កភាពងាយស្រួលដល់ការរៀបចំគំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍។ ប៉ុន្តែត្រូវធ្វើចំណតរង់ចាំនូវកណ្តាលទ្រូងផ្លូវ។ ទី២៖ គន្លងផ្លូវអាទិភាពរថយន្តក្រុងខាងស្តាំជាប់ចិញ្ចើមផ្លូវ គឺបង្កភាពងាយស្រួលដល់ការឈប់ចតដាក់ និងទទួលអ្នកដំណើរ កាត់បន្ថយការចំណាយ ប៉ុន្តែមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ និងអាជីវកម្មរបស់ប្រជាពលរដ្ឋអមសងខាងផ្លូវ។ គម្រោងនេះត្រូវ ស្នើសុំគោលការណ៍ចំណាយថវិកាប្រមាណ ៣.៥លានដុល្លារ សម្រាប់អនុវត្តគម្រោងផ្លូវអទិភាពរថយន្តក្រុង ដែលមានចំងាយ៥គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ។

ចំពោះគម្រោងនេះ លោក ឃួង ស្រេង បានសម្រេចក្នុងប្រជុំនោះយកផ្លូវអាទិភាព នៅចំកណ្តាលទ្រូងផ្លូវ និងបានស្នើសុំមន្ទីរជំនាញ និងខណ្ឌពាក់ព័ន្ធទាំង៤ សហការជាមួយរដ្ឋាករអនុវត្តគម្រោងនេះឱ្យបានជោគជ័យ និងជួយរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ពេលម៉ោងប្រតិបត្តិការរថយន្តក្រុង គឺពេលព្រឹកចាប់ពីម៉ោង ៦៖៣០នាទី ដល់ម៉ោង៩៖៣០នាទី សម្រាប់ទិសដៅចូលរាជធានីភ្នំពេញ ពីស្ទឹងមានជ័យដល់ផ្សារថ្មី និងពេលល្ងាចចាប់ពីម៉ោង៤៖៣០ នាទីដល់ម៉ោង ៧៖៣០នាទី សម្រាប់ទិសដៅចេញពីរាជធានីភ្នំពេញ (ផ្សារថ្មីដល់ច្រមុះជ្រូកស្ទឹងមានជ័យ)៕