(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងថ្មី ជំនួសលោកវេជ្ជបណ្ឌិត សូរិន្ទី រាវុឌ្ឍី ជាប្រធានមន្ទីរពេទ្យចាស់ ត្រូវបានតែងតាំងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

នៅក្នុងពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ការផ្លាស់ប្ដូរមុខតំណែង គឺជារឿងធម្មតាតាមតម្រូវការការងារនៅស្ថាប័ននីមួយៗ។ ព្រោះថា មុខតំណែង និងតួនាទីដែលត្រូវឡើងឋានៈខាងលើនេះ គឺជាការខិតខំ និងជាស្នាដៃដែលយើងប្រឹងប្រែងអនុវត្តកន្លងមកទើបថ្នាក់លើមានទំនុកចិត្តប្រគល់តួនាទីថ្មីឱ្យយើងទទួលខុសត្រូវ។

នៅក្នុងពិធីប្រកាសតែងតាំងនេះ លោកអភិបាលរងខេត្ត បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងថ្មី ត្រូវយកចិត្តទុកដាក់ដឹកនាំមន្ត្រីក្រោមឱវាទ ដែលជាគ្រូពេទ្យជំនាញឲ្យប្រឹងប្រែង ធ្វើការងារប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធិភាពដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ។

ដោយឡែក ក្នុងការដឹកនាំត្រូវគោរពនូវរបបប្រជុំរបបរាយការណ៍ របបចុះមូលដ្ឋានឲ្យបានទៀងទាត់ ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីរាជការក្រោមឱវាទឲ្យយកចិត្តទុកដាក់ការងារចំពោះមុខ និងការងារជំនាញសំដៅរួមគ្នា ធ្វើឲ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរមានការគាំទ្រ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងពិធីនេះក៏បានបញ្ជាក់ឱ្យដឹងដែរថា ការពិតលោកវេជ្ជបណ្ឌិតទាំងពីរ សុទ្ធតែមានស្នាដៃក្នុងការងារ ទើបឡើងឋានៈព្រោះថា លោកវេជ្ជបណ្ឌិត សូរិន្ទី រ៉ាវុទ្ធី ប្រធានមន្ទីរពេទ្យខេត្ត ត្រូវបានតែងតាំងជាអនុប្រធានមន្ទីរសុខាភិបាលខេត្ត ចំណែកលោក ទុំ សម្បត្តិ ជាអនុប្រធានមន្ទីរពេទ្យ ត្រូវបានតែងតាំងឡើង ជាប្រធានមន្ទីរពេទ្យបង្អែកខេត្ត។ ដូច្នេះតែក្នុងតួនាទីជាអ្នកដឹកនាំថ្មីទាំងពីរ ត្រូវតែខិតខំប្រឹងប្រែងអនុវត្តឲ្យបាន ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អអភិបាលកិច្ចល្អ មានតម្លាភាពត្រូវបានមន្ត្រីរាជការ ក្រោមឱវាទ គោរពស្រឡាញ់និងអនុវត្តតាមនូវបទពិសោធន៍ដ៏ល្អៗ ក្នុងការដឹកនាំឲ្យអង្គភាពឲ្យទទួលបានជោគជ័យ។

ដោយឡែកលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ បានឡើងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានមានទំនុកចិត្តផ្ដល់តួនាទីថ្មីខាងលើនេះជូនលោក ដូច្នេះលោកនឹងខិតខំយកចិត្តទុកដាក់ ទាំងកម្លាំងកាយនិងកម្លាំងប្រាជ្ញាស្មារតី ដឹកនាំមន្ត្រីរាជការ និងគ្រូពេទ្យនៅក្រោមឱវាទឱ្យមានក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យល្អ ដើម្បីផ្ដល់សេវាមានប្រសិទ្ធភាព និងត្រូវបានប្រជាពលរដ្ឋមានជំនឿ និងទំទុកចិត្ត៕