(ឧត្តរមានជ័យ)៖ អង្គភាពពន្ធនាគារខេត្តឧត្តរមានជ័យ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 68B ក្នុងភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានគេមើលឃើញថា កំពុងយកចិត្តទុកដាក់ក្នុងការកសាងអង្ភភាពរបស់ខ្លួន ដើម្បីសម្រួលដល់ការបំពេញការងារ របស់មន្ត្រីក៏ដូចជាលើកកម្ពស់សោភណ្ឌភាពអង្គភាពទាំងមូល ផងដែរ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សៅ ផាន់នី ប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា ថ្ងៃនេះយើងបានរៀបចំធ្វើពិធីក្រុងពាលី សុំអ្នកតាម្ចាស់ទឹកម្ចាស់ ដីដើម្បីកសាងខ្លោងទ្វារចូលពន្ធនាគារ ដែលមានទំហំ៥ម៉ែត្រ និងកម្ពស់៤.៤០ម៉ែត្រ ជើងសរសរខ្លោងទ្វារទំហំ០.៨០ម៉ែត្រ គុណ០.៨០ម៉ែត្រ ធ្វើអំពីបេតុងប្រក់ក្បឿង ជំនួសឱ្យស្លាកសញ្ញាពន្ធនាគារចាស់ធ្វើអំពីឈើដែលមានទំហំតូច។

ប្រធានពន្ធនាគារខេត្ត បានបន្តថា ស្របពេលដែលយើងកំពុងរៀបចំសាងសង់ខ្លោងទ្វារថ្មីនៅពេលនេះ គឺកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ គឺយើងបានរៀបចំកសាងអគាររដ្ឋបាលមួយខ្នង មាន៧បន្ទប់ ក្នុងនោះមានបន្ទប់ធ្វើការចំនួន៤ បន្ទប់សាលប្រជុំ១ និងបន្ទប់ទឹកចំនួន២ផង ដែលចំណាយថវិកាសាងសង់អស់ ចំនួន៦០លានរៀល និងបានសាងសង់រួចរាល់កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។

ប្រធានពន្ធនាគារខេត្ត បានបញ្ជាក់ថា ការកសាងអង្ភភាពពន្ធនាគារខេត្តឧត្តរមានជ័យ មិនបញ្ចប់ត្រឹមនេះទេ គឺយើងនៅតែអនុវត្តបន្ត ធ្វើយ៉ាងណាឱ្យមន្ត្រីរបស់យើងមានកន្លែងបំពេញការងារបានសមរម្យ និងមួយផ្នែកទៀត គឺក្នុងគោលបំណងលើកកម្ពស់ សោភណ្ឌភាពអង្គភាពពន្ធនាគារទាំងមូល ផងដែរ៕