(ភ្នំពេញ)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធិពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ដកពិសោធន៍លើការរុករក និងសង្គ្រោះគ្រោះ រលំបាក់អាគារនាពេលកន្លងមក ដោយមានការចូលរួមពីបណ្តាក្រសួង អង្គភាពពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនោះ ក្រុមការងារក៏បានធ្វើបទបង្ហាញពីលទ្ធផលរុករក និងសង្រ្គោះគ្រោះរលំបាក់អាគារកន្លងមក និងវាយតម្លៃពីចំណុចខ្លាំង ចំណុចខ្វះខាត ស្រង់បានបទពិសោធន៍ និងដាក់ចេញ នីតិវិធីប្រតិបត្តការរបស់ក្រុមរុករក និងសង្រ្គោះជូនអង្គប្រជុំផងដែរ។

ក្រោយពីបានស្តាប់ការធ្វើបទបង្ហាញរួច នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរដល់ក្រុមការងាររុករកសង្គ្រោះ ដែលបានសហការគ្នាបានយ៉ាងល្អ ក្នុងប្រតិបត្តការរុករកនាពេលកន្លងមក។ លើសពីនេះ លោកបានក្រើនរំលឹកដល់មេបញ្ជាការ ទទួលបន្ទុកកងកម្លាំងនីមួយៗ ត្រូវធ្វើយ៉ាងណារៀបចំ ក្រុមរបស់ខ្លួនឲ្យបានល្អ និងមានសណ្តាប់ធ្នាប់ ក្នុងការចុះប្រតិបត្តការ។

ទេសរដ្ឋមន្ដ្រី គន់ គីម បានឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ ទី១៖ ធ្វើការរួមគ្នាដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ក្រុមការងាររុករក សង្គ្រោះ និងការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់, ទី២៖ ធ្វើការកែលម្អលើបច្ចេកទេស ក្នុងប្រតិបត្តិការរុករក និងសង្គ្រោះឲ្យកាន់តែប្រសើរជាងមុនដែលអាចធានា បាននូវកម្រិតមរណៈភាពឲ្យមានកម្រិតទាបបំផុត, ទី៣៖ កន្លែងទីតាំងនីមួយៗត្រូវមានមេបញ្ជាការដឹកនាំ និងបញ្ជាផ្ទាល់មានការពិភាក្សា និងពិគ្រោះយោបល់ ពីអ្នកជំនាញមានការសម្រេចចិត្តខ្ពស់ និងទាន់ពេលវេលា។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសសើរដល់កម្លាំងសរុបទាំងរដ្ឋ និងឯកជន ដែលបានចូលរួមក្នុងការប្រតិបត្តការរុករក និងសង្រ្គោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារនាពេលកន្លងមក។

ទេសរដ្ឋមន្ត្រី បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ យកចិត្តទុកខ្ពស់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ សម្តេចចុះជាប់ជានិច្ច និងចុះបញ្ជាផ្ទាល់ក្នុងប្រតិបត្តការរុករក ដែលពុំមានថ្នាក់ដឹកនាំប្រទេសណា ធ្វើបានដូចនេះ។

ទេសរដ្ឋមន្ដ្រី គន់ គីម បានកត់សម្គាល់ថា សម្រាប់ក្រុមការងារឆ្លើយតប ត្រូវធានាឲ្យការងារឆ្លើយតប ប្រកបដោយសន្តិសុខ និងសុវត្ថិភាពល្អ នឹងមិនមានការរំខានពីអ្នកខាងក្រៅ សហការជាមួយប្រធានក្រុមឆ្លើយតបថ្នាក់ជាតិ ដើម្បីកំណត់តំបន់រងគ្រោះ ដោយសារគ្រោះមហន្តរាយលើផ្នែកសន្តិសុខ និងសុវត្ថិភាព។

លើសពីនេះ ត្រូវរៀបចំសេចក្តីណែនាំ និងវិធានការស្តីពីសន្តិសុខ នៅក្នុងតំបន់កើតហេតុ ធ្វើការសិក្សាពីស្ថានភាពជាក់ស្តែង និងធ្វើការប៉ាន់ប្រមាណពីតម្រូវការ ការវិភាគ រៀបចំផែនទីបោះទីតាំង ទីបញ្ជាការរៀបចំកម្មវិធីឆ្លើយតប និងបែងចែកកម្លាំងរុករក និងសង្គ្រោះគៀងគរធនធាន និងជំនួយសម្រាប់ការងារឆ្លើយតប ត្រួតពិនិត្យតាមដាន និងវាយតម្លៃលើការឆ្លើយតប ធ្វើការកែសម្រួលផែនការ និងបត់បែនតាមស្ថានការណ៍៕