(ភ្នំពេញ)៖ កម្មកររោងចក្ររាប់រយនាក់ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានចេញមកធ្វើបាតុកម្មតវ៉ា ដោយសារតែសមត្ថកិច្ច បានឃាត់ខ្លួនប្រធានសហជីពចំនួន ៤នាក់ មកពីសហព័ន្ធសហជីពពលកម្មកម្ពុជា ដោយចោទថា ពួកគេបានដឹកនាំធ្វើបាតុកម្មខុសច្បាប់ អស់រយៈពេល ៨ថ្ងៃមកហើយ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ប្រធានសហជីពទាំង៤នាក់ បានដឹកនាំកម្មករធ្វើបាតុកម្មតវ៉ា នៅចំណុចស្ពានត្រពាំងខ្យង ភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅក្រុមហ៊ុនផាកហេនប៊ែក ផលិតកាបូប ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង។ បាតុកម្មនេះ ធ្វើឡើងអស់រយៈពេល ៨ថ្ងៃ ចាប់ផ្តើមពីថៃ្ងទី០៨-១៦ ខែមករា ឆ្នាំ២០២០។
លោកស្នងការ បានឲ្យដឹងទៀតថា អ្នកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
*១៖ ឈ្មោះ ឌិន សំអាត ភេទប្រុស អាយុ៤១ឆ្នាំ តួនាទីប្រធានសហព័ន្ធ សហជីពពលកម្មកម្ពុជា និងជាទីប្រឹក្សា អមក្រសួងការងារ។
*២៖ ឈ្មោះ រឿន សារិន ភេទប្រុស អាយុ៣៦ឆ្នាំ តួនាទី មន្ត្រីសហព័ន្ធ។
*៣៖ ឈ្មោះ យូ សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ តួនាទី មន្ត្រីសហព័ន្ធ។
*៤៖ ឈ្មោះ ឃុត ចានឆៃយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ តួនាទី មន្ត្រីសហព័ន្ធ។
ក្រោយពីបានដឹកនាំកម្មករធ្វើបាតុកម្ម ដោយខុសច្បាប់អស់រយៈពេល ៨ថៃ្ង ក្រុមខាងលើបានធ្វើសកម្មភាពរួមមាន៖
*ដាក់ធុងបាស់ស្រែករារាំង ញុះញង់ មិនឲ្យកម្មករចូលធ្វេីការ
*បញ្ជាឲ្យបក្ខពួកខ្លួនធ្វេីការគំរាមកំហែងកម្មករដទៃមិនឲ្យចូលធ្វេីការ ករណីចូលធ្វើការ គឺវាយ
*ប្រេីពាក្យសម្ដីប្រមាថមេីលងាយដល់ក្រុមហ៊ុន អាជ្ញាធរ ជាសាធារណៈ តាមប្រព័ន្ធឧឃោសនស័ព្ទ
*ជាក់ស្ដែងថៃ្ងទី១៦ បានបញ្ជាឲ្យបក្ខពួករាំងខ្ទប់មិនឲ្យរថយន្ដដឹកបាយ ជូនកម្មករហូបពេលថៃ្ងត្រង់ ដោយដណ្ដេីមយកបាយពីក្នុងរថយន្ដ មកជាន់ចោលនៅមុខក្លោងទ្វារចូលក្រុមហ៊ុន។
សមត្ថកិច្ចបានវាយតម្លៃថា សកម្មភាពទាំងនេះគឺជាអំពេី ទារុណកម្មបង្អត់បាយមនុស្ស ព្រៃផ្សៃ និងសាហាវបំផុត ដែលមិនគួរអត់ឱនឲ្យបាន។
ទាក់ទិនករណីនេះ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានអំពាវនាវដល់សមត្ថកិច្ច ទាំងអាជ្ញាធរ ប៉ូលីស ក៏ដូចជាតុលាការ មេត្តាពិនិត្យមើលថា តើសំណុំរឿងនេះបើសិនជាអត់ធ្ងន់ធ្ងរណាស់ណាទេ សូមឲ្យកុំមានការឃុំខ្លួន ហើយសុំឲ្យមានការត្រឹមព្រមាន ឬណែនាំទៅបានហើយ។ លោក សោម អូន យល់ឃើញថា សហជីពពេលខ្លះ គាត់តែងមានការខុសឆ្គងខ្លះ ចំពោះនីតិវិធី នៃការអនុវត្តន៍ច្បាប់ ដោយសារសហជីព គ្រប់គ្រងកម្មករច្រើន ទៅតាមតំបន់រោងចក្រ សហគ្រាស ហើយពេលខ្លះកម្មករជាអ្នកបង្កកំហុស ក៏ពួកគាត់ត្រូវតែការពារដែរ។
«ជួនកាលកម្មករ ជាអ្នកធ្វើខុសនីតិវិធី ហេតុនេះចង់ឬមិនចង់ សហជីពគាត់ត្រូវការពារកម្មករយើង ហើយអាចធ្វើឲ្យគាត់មានជីកំហុសដែរ។ ខ្ញុំគិតថា កំហុសច្រើនតិច ឬមួយយ៉ាងណា ជាការអំពាវនាវរបស់ខ្ញុំ សូមឲ្យអាជ្ញាធរ ក៏ដូចជាប៉ូលីស តុលាការ គួរតែធ្វើការព្រមានណែនាំពួកគាត់ គួរតែកុំឲ្យមានការឃុំខ្លួន។ លោក សោម អូន គូសបញ្ជាក់៕