(ភ្នំពេញ)៖ អតីតក្រុមប្រឆាំង ដែលបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយទាំងខ្លួន មិនទាន់ទទួលបានការចុះបញ្ជីផ្លូវការទាមទារឱ្យតុលាការផ្តល់យុត្តិធម៌ជូន លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដោយសារតែគណបក្សនេះមិនទាន់ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឡើយទេ។

សេចក្តីថ្លែងការណ៍យ៉ាងប្រញាប់ប្រញាល់ ដោយប្រើប្រាស់រូប និងស្លាកសញ្ញាគណបក្សខ្មែរស្រឡាញ់ជាតិ មិនទាន់ទទួលបានច្បាប់ផ្លូវការ បានសរសេរថា៖ «ក្រោយពីបានស្តាប់អង្គសវនការរបស់តុលាការអស់រយៈពេលចំនួនពីរថ្ងៃកន្លងមកនេះ ទោះបីជាដំណើរនៃការកាត់សេចក្តីពុំទាន់ចប់ក៏ដោយ យើងខ្ញុំសង្ឃឹមថា តុលាការនឹងធ្វើការសម្រេចប្រកបដោយសុភវិនិច្ឆ័យ និងយុត្តិធម៌ជូនចំពោះ ឯកឧត្តម កឹម សុខា ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ»

គណបក្សនេះបានសរសេរបន្តថា៖ «ក្នុងនាមអ្នកស្នេហាជាតិ និងអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យជាពិសេស គណបក្សខ្មែរស្រឡាញ់ជាតិ នឹងតស៊ូឥតងាករេក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម»

រហូតមកដល់ពេលនេះ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលបង្កើតឡើងដោយក្រុមអតីតថ្នាក់ដឹកនាំ CNRP មានលោក ជីវ កត្តា, លោក ស៊ឹម សុវណ្ណនី, លោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន ជាដើមនោះ មិនទាន់ទទួលបានការចុះបញ្ជីស្របច្បាប់ជាគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ នៅឡើយទេ។

ពាក់ព័ន្ធសេចក្តីថ្លែងការណ៍នេះ ត្រូវបានអ្នកវិភាគលើកឡើងថា គណបក្សមួយនេះបានតាំងខ្លួនជាគណបក្សប្រឆាំងនៅកម្ពុជា ប៉ុន្តែមិនគោរពច្បាប់ បំពានច្បាប់ខណៈគណបក្សខ្លួនមិនទាន់ទទួលបានច្បាប់ផង តើអោយប្រជាពលរដ្ឋជឿទុកចិត្តម្តេចបាន ?

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានយល់ព្រមឱ្យអតីតថ្នាក់ដឹកនាំមួយចំនួនរបស់ អតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយ បង្កើតគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ប៉ុន្តែក្រសួងតម្រូវឱ្យតំណាងគណបក្សនេះរៀបចំឯកសារស្របតាមច្បាប់ ដើម្បីចុះបញ្ជី មុននឹងធ្វើសកម្មភាពផ្សេងៗ៕