(ព្រុយណេ)៖ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២០ នៅប្រទេសព្រុយណេ អាស៊ានបានផ្ដល់រង្វាន់គុណភាពទេសចរណ៍ ដល់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ឆ្លើយតបទៅនឹងសូចនាករបស់ស្តង់ដាគុណភាពទេសចរណ៍អាស៊ាន។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែមករា នេះថា កម្ពុជាមានកិត្តិយសណាស់ដែលទទួលបានរង្វាន់ពីអាស៊ាន។ នេះសបញ្ជាក់ថា គុណភាពផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ពិតជាអាចផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអាចធ្វើការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។
សម្រាប់កម្ពុជា ក្រៅពីជ័យលាភីទីក្រុងទេសចរណ៍ស្អាតចំនួន ០៣ គឺមានជ័យលាភីសណ្ឋាគារបៃតងចំនួន ០៥ ស្តង់ដា MICE ប្រភេទបន្ទប់ប្រជុំចំនួន ០៥ រង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពចំនួន ០២។
ការប្រគល់រង្វាន់ទាំងនេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ក្នុងតំបន់ សំដៅបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍ឣាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្ត ទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅ និងសេវាកម្មទេសចរណ៍ ដែលទទួលបានជ័យលាភី រួមមាន៖
ទី១. សណ្ឋាគារបៃតងអាស៊ាន ក្នុងនោះមាន សណ្ឋាគារសុខាសៀមរាប សណ្ឋាគារ Nataya Round House Coral Bay Resort & Restaurant សណ្ឋាគារ Palace Gate Hotel & Resort សណ្ឋាគារ Memoire Palace Hotel & Resorts និងសណ្ឋាគារ Navutu Dream។
ទី២. ស្តង់ដា MICE ប្រភេទបន្ទប់ប្រជុំអាស៊ាន ក្នុងនោះមាន សណ្ឋាគារ Sokha Siem Reap Resort & Convention Center សណ្ឋាគារ Apsara Palace Resort & Conference Center សណ្ឋាគារ Empress Angkor សណ្ឋាគារ Prince Times និងសណ្ឋាគារ Dyvith។
ទី៣. ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងនោះមាន ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកំពត និងក្រុងតាខ្មៅ។
ទី៤. ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន ក្នុងនោះមាន ប្រាសាទបន្ទាយឆ្មា និងសារៈមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ន អាស៊ានបានដាក់ឱ្យអនុវត្តនូវស្តង់ដាគុណភាពទេសចរណ៍ ចំនួន ៨ រួមមាន៖ ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ស្តង់ដាសហគមន៍េទសចរណ៍អាស៊ាន ស្តង់ដាបង្គន់សាធារណៈអាស៊ាន ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន ស្តង់ដាស្ប៉ាអាស៊ាន ស្តង់ដាផ្ទះស្នាក់អាស៊ាន រង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ាន និងស្តង់ដាបន្ទប់ប្រជុំអាស៊ាន (MICE)៕