(ភ្នំពេញ)៖ សិស្ស Aii និង AIS ទទួលអាហាររូបករណ៍ផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក ពី ICES Cambodia ក្រោយពីឆ្លងកាត់ការប្រឡងអាហារូបករណ៍ផ្លាស់ប្ដូរការសិក្សា ទៅរៀននៅសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន ICES Cambodia ទាំង២ដំណាក់កាលរួចមក ពេលនេះបានរកឃើញសិស្ស ដែលទទួលបានជ័យលាភីនេះហើយ គឺយុវសិស្ស គួយ ជីហុក ជាសិស្សនៃមជ្ឍមណ្ឌលភាសា អេ អាយ អាយ និងជាសិស្សរៀនថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមិកាំង។

ម្ចាស់អាហារូបករណ៍រូបនេះ នឹងទៅរៀននៅវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក រយៈពេលមួយឆ្នាំ ដោយរូបគេនឹងរស់នៅជាមួយ អ្នកអាណាព្យាបាលទីពីរនៅទីនោះ។ អាហារូបករណ៍របស់ក្រុមហ៊ុន ICES Cambodia ផ្ដល់ឱ្យយុវសិស្ស គួយ ជីហុក មានតម្លៃស្មើនឹងទឹកប្រាក់១ម៉ឺន៥ពាន់ដុល្លារអាមេរិក ជាជ័យលាភីទទួលបានទិដ្ឋាការប្រភេទ J-1 ពីក្រុមហ៊ុន ICES Cambodia ។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារបស់សិស្សវិទ្យាល័យនៃក្រុមហ៊ុន ICES Cambodia មិនត្រឹមតែធ្វើឱ្សយុវសិស្សទទួលបានការសិក្សា ដ៏មានគុណភាពប៉ុណ្ណោះទេ ពួកគេថែមទាំងទទួលបានបទពិសោធថ្មីៗ ជាពិសេសមានឱកាសយល់ដឹងអំពីវប្បធម៌ ប្រពៃណី របៀបរស់នៅប្រចាំថ្ងៃ រួមទាំងមិត្តភាពដែលពួកគេ ទទួលបានកំលុងពេលរស់នៅបរទេសផងដែរ។

យុវសិស្ស គួយ ជីហុក បានក្លាយជាសិស្សវិទ្យាល័យដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលនឹងតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ការចេញទៅផ្លាស់ប្តូរ ការសិក្សានៅសហរដ្ឋអាមេរិក។ យុវសិស្សបានក្លាយទៅជាម្ចាស់អាហារូបករណ៍មួយនេះ ក្រោយពីរូបគេបានបញ្ចេញសមត្ថភាព ក្នុងការនិយាយភាសាអង់គ្លេសយ៉ាងជំនាញ គួបផ្សំជាមួយការប្តេជ្ញា និងការខិតខំអស់ពីចិត្ត។

យុវសិស្ស ជីហុក គឺជាសិស្សសកម្មមួយរូបក្នុងមជ្ឍមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមិកាំង ដែលបានចូលរួមក្នុង កម្មវិធីប្រកួតប្រជែងចំណេះដឹងផ្សេងៗក្នុងសាលាទាំងពីរនេះ។ ទន្ទឹមនឹងនេះ រូបគេក៏បានបង្ហាញអំពីអត្តចរិត នៃអនាគតអ្នកដឹកនាំមួយរូបដែលអាចនឹងជាគំរូ សម្រាប់យុវជនជំនាន់ក្រោយ។

យុវសិស្ស ជីហុក បានសម្ដែងពីអារម្មណ៍រំភើបរីករាយ ក្រោយពីទទួលបានអាហារូបករណ៍នេះយ៉ាងដូច្នេះថា ខ្លួនពិតជាចង់ទៅរៀននៅសហរដ្ឋអាមេរិកណាស់ ដើម្បីទៅក្រេបជញ្ជក់នូវបទពិសោធផ្សេងៗ ដែលនៅបស្ចិមប្រទេស ហើយគេក៏ចង់ប្រឡូកខ្លួននៅក្នុងស្ថានភាពដែលពិបាកៗ និងមានការទទួលខុសត្រូវដែលអាចនឹងជួយក្នុងមាគ៌ា សិក្សានិងអាជីពរបស់គេ នាពេលអនាគតផងដែរ។

«ម្យ៉ាងវិញទៀត ខ្ញុំនឹងយកចំណេះដឹង និងបទពិសោធទាំងអស់នោះមកចែករំលែកដល់យុវជនជំនាន់ក្រោយនៅកម្ពុជា។ ខ្ញុំនឹងយកចំណេះដឹង និងបទពិសោធទាំងអស់នោះមកធ្វើការអភិវឌ្ឍនៅប្រទេសកម្ពុជាផងដែរ»។ ជីហុក គូសបញ្ជាក់បន្ថែម។

ប្រធាននាយក និងនាយកចាងហ្វាងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ពិតជាមានមោទនភាពបំផុត ដែលមានឱកាសអាចបញ្ជូនសិស្សរបស់ខ្លួនទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក ដើម្បីទទួលបទពិសោធពីការរីកចម្រើន និងអរិយធម៌របស់ប្រទេស។ លោកសង្ឃឹមថា ជីហុក នឹងផ្សព្វផ្សាយអំពីវប្បធម៌ដ៏ស្រស់បំព្រងរបស់ប្រទេសកម្ពុជា ទៅកាន់អ្នកអាណាព្យាបាល និងមិត្តភក្តិរបស់គេ នៅសហរដ្ឋអាមេរិកក្នុងរូបភាពទូលំទូលាយបំផុត។

«យើងសង្ឃឹមទៀតថា រូបគេនឹងយកចំណេះដឹង និងបទពិសោធទាំងអស់នោះមកចែករំលែក និងធ្វើការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ»។ លោកប្រធាននាយក គូសបញ្ជាក់៕